រដ្ឋបាលរាជធានីភ្នំពេញបានចុះដកហូតម៉ូតូ ៣២២គ្រឿងពីទីតាំងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោក និងបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូអាចយកឯកសារទៅផ្ទៀងផ្ទាត់នៅកន្លែងរក្សាទុកនៅឃ្លាំងក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។
ក្នុងរយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយអភិបាលរងលោក ឃ្លាំង ហួត បានដឹកនាំក្រុមការងារចុះពិនិត្យ បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់ និងហាងបញ្ចាំខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក។
នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានចេញសារសំឡេងពិសេសនៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានដកតំណែងមន្ត្រីចាប់ពីថ្នាក់អភិបាល ស្រុក ខណ្ឌ រហូតទៅដល់ខេត្ត-រាជធានី រួមទាំងមន្ត្រីនគរបាល និងអាវុធហត្ថចេញពីតំណែង ប្រសិនជាពួកគេមិនអាចបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងទឹកដីភូមិសាស្ត្ររបស់ពួកគេបាន។
សម្តេចតេជោព្រមានថា សម្ដេចនឹងដកមន្ត្រីដែលខ្វះសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងភូមិសាស្ត្ររបស់ខ្លួនចេញពីតំណែង៕