សង្គម

ក្រសួងធនធានទឹកប្រាប់ឲ្យ​ប្រុងប្រយ័ត្ន​ពីជំនន់ទឹកភ្លៀង ខណៈ​ពីថ្ងៃនេះ រហូត​ដល់ថ្ងៃភ្ជុំបិណ្ឌ កម្ពុជា​នឹង​មានភ្លៀងធ្លាក់ពីមធ្យម​ទៅច្រើន​

ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានធ្វើ​ការ​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័ ចំពោះ​ជំនន់​ដែល​អាច​កើតមក ពី​បរិមាណ​ទឹកភ្លៀង​ច្រើន​ហួស​កម្រិត (Overflow) និង​ជំនន់​ទឹកភ្លៀង (Flash Flood) ដែល​នឹង​បន្ត​ធ្លាក់​បន្ថែម​ថ្មី​ផ្ទួនៗ​ទៀត ជាពិសេស​នៅក្នុង​ភូមិសាស្ត្រ​នៃ​តំបន់​ជាប់​ជួរ​ភ្នំ​, ទំនាប​ជាប់​ក្បែរ​ផ្លូវទឹក និង​ភូមិ​សា​ស្ត​ជាប់​ព្រំដែន​ថៃ។​

បើតាម​ក្រសួង​ធនធានទឹក សម្ពាធ​ខ្ពស់​នៅលើ​ប្រទេស​ចិន បាន​រុញច្រាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) រំកិល​ចុះមក​ក្រោម អូសបន្លាយ​កៀក​មកលើ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​កម្ពុជា ។ ដំណាលគ្នា​នោះ ខ្យល់មូសុង​និរតី​បក់ ក្នុង​ល្បឿន​ពី​ខ្សោយ​ទៅ​បង្គួរ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៅមុខ​៖

១៖ តំបន់​ទំនាប​កណ្តាល​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C

* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C

* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

២៖ តំបន់​ខ្ពង់រាប​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C

* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C

* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ក្នុងនោះ​ផ្នែក​មួយចំនួន​នៃ​បណ្តា​ខេត្ត​នៅក្នុង​ភូមិសាស្ត្រ​ជាប់​នឹង​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C

* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C

* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕