សង្គម

អាជ្ញាធរខេត្តព្រះសីហនុរកឃើញជនបរទេសបំពានច្បាប់ជិត ៥០០នាក់ ក្រោយត្រួតពិនិត្យអគារមួយកន្លែង

អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសថាបានរកឃើញជនបរទេសសរុប ៤៩៥នាក់ និងបានកំណត់បទល្មើស ៦ផ្សេងៗគ្នា ក្រោយពីចុះពិនិត្យអាគារមួយឈ្មោះ ស៊ីង សាន ទីង (ហៅ ឆាងឆឹង) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាថា ជនបរទេសដែលត្រូវបានឃាត់ខ្លួនទាំង ៤៩៥នាក់នោះមានស្រី ចំនួន ៥១នាក់ មាន៤សញ្ជាតិ ក្នុងនោះជនបរទេសខុសច្បាប់អន្តោប្រវេសន៍ចំនួន ១៤១នាក់ ក្នុងនោះចិនចំនួន ១៣០នាក់ និងជនជាតិវៀតណាមចំនួន ១១នាក់ (ត្រៀមបណ្តេញចេញពីកម្ពុជា)។ ក្រៅពីនោះរកឃើញជនបរទេស ២៦២នាក់ បានបម្រើការងារដោយគ្មានបណ្ណការងារ ហើយត្រូវបានផាកពិន័យបាន ១៣១,០០០,០០០រៀល និង ៧៨ ៨៤០ដុល្លារ។

រដ្ឋបាលខេត្តឱ្យដឹងបន្ថែមទៀតថា មន្ទីរការងារក៏បានផាកពិន័យចំពោះសហគ្រាសដែលអនុញ្ញាតដល់ជនបរទេសធ្វើការដោយគ្មានច្បាប់ បានទឹកប្រាក់បានចំនួន ៦,៧២០,០០០រៀល។

ក្នុងប្រតិបត្តិការរយៈពេល៥ថ្ងៃនេះ កម្លាំងចម្រុះឯកភាពខេត្តក៏បានរកឃើញការប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំងនិងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្សផងដែរ ដោយឃាត់ខ្លួនជនបរទេសចំនួន ២៧នាក់ (ជនសង្ស័យ ១២នាក់ ជនរងគ្រោះ ៥នាក់ និងនារីបម្រើសេវាផ្លូវភេទ ១០នាក់) ដោយបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា អាវុធខ្លី ៤ដើម ទូរស័ព្ទដៃសរុប ៨ ៧៧៦គ្រឿង កុំព្យូទ័រលើតុ ៨០៤គ្រឿង កុំព្យូទ័រយួរដៃ ១៦គ្រឿង លិខិតឆ្លងដែន ៣៦ក្បាល ឧបករណ៍ផ្ទុកទិន្នន័យ ១២គ្រឿង ខ្នោះដៃ ៤គូ ដំបងឆក់ ៨ដើម ពិលឆក់ ២ដើម រួមទាំងសម្ភារៈ ឯកសារ និងប្រាក់មួយចំនួន។

ទីតាំងអាគារឈ្មោះ ស៊ីង សាន ទីង (ហៅឆាងឆឹង) ស្ថិតនៅដីឡូតិ៍ ក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានចំនួន ៣អគារ (អគារ A មាន៣ជាន់, អគារ B មាន២ជាន់ និងអគារ C មាន៣ជាន់) មានបន្ទប់សរុប ៣៣២បន្ទប់ បន្ទប់ស្នាក់នៅមានចំនួន ២៦៧បន្ទប់ បន្ទប់ធ្វើការមានចំនួន ៥១បន្ទប់ អាហារដ្ឋានមានចំនួន ១១ហាង Mart ១ ហាងលក់ផ្លែឈើ១ ហាងអ៊ុតសក់១ និងកន្លែងលេងកម្សាន្ត១។

បច្ចុប្បន្នអាគារដ៏ធំនេះត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង សម្រេចឱ្យបិទអាជីវកម្ម និងអាគារទាំងមូល ដើម្បីបន្តស៊ើបអង្កេត ក្រៅពីនេះក៏បន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់ និងរក្សាទុកអាវុធខុសច្បាប់ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងម្នាក់ដែលបានរត់គេចខ្លួនផងដែរ៕