ខេត្តកណ្តាល: ទីតាំងល្បែងមាន់ជល់អនឡាញ បច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កើតមានស្ទើរតែគ្រប់ហាងកាហ្វេ នៅក្នុងស្រុកកណ្តាលស្ទឹង ជាពិសេស ទីតាំង០១កន្លែង បង្កប់ក្នុងផ្ទះលក់បាយ និងកាហ្វេ យីហោ ទូច លី ភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានប៉ះដល់ត្រចៀកអាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។
បើតាមសេចក្តីរាយការណ៍ ល្បែងអនឡាញតាមទូរទស្សន៍ដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរ ដែលរួមមានអភិបាលស្រុក ក៏ដូចជាអធិការស្រុក កណ្តាលស្ទឹង គេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ
គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។
ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះ អង្គភាពសារព័ត៌មានពេញចិត្តមេឌា ពុំអាចធ្វើការទំនាក់ទំនង ទៅកាន់លោក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹងនោះ។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋនិងមហាជនស្នើ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299