សង្គម

ពលរដ្ឋ ស្នើអាជ្ញាធរ ក្រុងភ្នំពេញ បង្ក្រាបល្បែងស៊ីសង ជល់មាន់ និងអាប៉ោង ក្នុងខណ្ឌព្រែកព្នៅ !!!

ភ្នំពេញ ៖ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានបនល្បែងស៊ីសងខុសច្បាប់ដ៏ធំ «សង្វៀនជល់មាន់ និងអាប៉ោង យូគី» កំពុងតែបើកដំណើរការត្រង់ចំណុចក្នុងឃ្លាំងដល់ធំស្គឹមស្កៃ ដោយប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់លុយយ៉ាងអនាធិបតេយ្យ ជាហេតុនាំឲ្យកើតមានចោរលួច ចោរប្លន់ ចោរឆក់ កាប់សម្លាប់ និងអំពើចោរកម្មផ្សេងៗជាដើម។

ករណីនេះដែរក៏មិនធ្លាប់មានដែលនៅខណ្ឌព្រែកព្នៅ ទើបតែលោក ធឹម សំអាន ដូរមកកាន់ដំណែងជាអភិបាលខណ្ឌព្រែកព្នៅ ជំនួសលោកសុខ សម្បត្តិ ស្រាប់តែមានកើតឡើងនៅទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំនេះភ្លាមតែម្តង។

ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមញៀនល្បែង ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ដោយមានអ្នកចាញ់អស់លុយរាប់រយពាន់ដុល្លារក្នុងមួយថ្ងៃៗ ជាហេតុនាំឲ្យមានអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារកើនឡើង។

ចំណែកឯម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់វិញកំពុងតែសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការប្រមូលលុយតុង ពីអ្នកញៀនល្បែង ជាពិសេស មេអាប៉ោង សប្បាយកើបលុយ ដាក់ហោប៉ៅ ចែកគ្នីគ្នា យ៉ាងរំភើយ។

ងាកមកមើលអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធមូលដ្ឋាន ឯណេះវិញ ហាក់ដូចជា ចូលរួមយ៉ាងសកម្មក្នុងការ បណ្តែតបណ្ដោយឲ្យបទល្មើស ធ្វើអ្វីៗ ស្រាប់តែអំពើចិត្ត ដោយគ្មានការបង្ក្រាប។

ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមលោក ចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

ពលរដ្ឋស្នើដល់ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដ៏ធំខាងលើនេះផងទាន៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299