សង្គម

ក្រសួងអប់រំ​ពន្យារ​ពេល​ប្រឡង​បាក់ឌុប​​ជាលើកទី២ទៅដើមខែធ្នូ ឆ្នាំ​២០២២វិញ

ក្រសួងអប់រំ យុវជន និង​កីឡា នៅ​រសៀល​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹងពីការ​ពន្យារពេល នៃ​ការ​ប្រឡង​សញ្ញា​បត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២១-២០២២ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២១ និង​ទី២២ ខែវិច្ឆិកា ឆ្នាំ​២០២២ ទៅ​ថ្ងៃទី០៥ និង​ទី០៦ ខែធ្នូ ឆ្នាំ​២០២២វិញ។

ក្រសួងអប់រំ បាន​បញ្ជាក់ថា មូលហេតុ​ដែល​​ធ្វើ​ការ​ពន្យារពេល នៃការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​នេះ គឺដោយ​សារ​តែ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ព្រះរាជាណាចក្រ​កម្ពុជា នឹង​មាន​ព្រឹត្តិការណ៍​ជាតិ និង​ព្រឹត្តិការណ៍​តំបន់​ដូចជា ព្រះរាជពិធី​បុណ្យ​អុំទូក អកអំបុក សំពះ​ព្រះខែ, ការរៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០ និង៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានីភ្នំពេញ និង​ព្រឹត្តិការណ៍​កីឡាជាតិ​លើកទី៣។

ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​រំខាន​នានា​ដល់​កិច្ច​ប្រជុំ ព្រឹត្តិការណ៍​កីឡាជាតិ និង​ពិធីបុណ្យ​ជាតិ​ខាងលើ និង​ដើម្បី​ឱ្យ​បេក្ខជន​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​រៀន​សូត្រ​សម្រាប់​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ទើប​ក្រសួង​សម្រេច​ធ្វើ​ការ​ពន្យារ​ពេល​ នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០២១-២០២២ ទៅ​ថ្ងៃទី០៥ និង​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ​២០២២វិញ។

ជាមួយ​គ្នានេះ ក្រសួង​ក៏​បាន​កំណត់​វិញ្ញាសាជម្រើស សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង ៥ ធ្នូ ២០២២ ដោយ​រួម​មាន ១.សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានប្រវត្តិវិទ្យា និង ២.សម្រាប់ថ្នាក់​វិទ្យាសាស្រ្ត​សង្គម មាន ផែនដី និង​បរិស្ថាន​វិទ្យា៕