សង្គម

ពលរដ្ឋកំពុងព្រួយបារម្ភ ខណៈពេលមាន ទីតាំងល្បែងស៊ីសងចូលមាន់តាមអនឡាញ ជាច្រើនកន្លែងក្នុងស្រុកចំការលើ អាជ្ញាធរមិនបង្ក្រាប!!

(កំពង់ចាម) ៖ ទីតាំងល្បែងមាន់ជល់អនឡាញ បច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា បង្កើតមានស្ទើរតែគ្រប់ហាងកាហ្វេ នៅក្នុងស្រុកចំការលើ ជាពិសេស ទីតាំងពីរកន្លែង នៅផ្សារដីថ្មី ភូមិតាប៉ាង០២ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានប៉ះដល់ត្រចៀកអាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។

បើតាមសេចក្តីរាយការណ៍ ល្បែងអនឡាញតាមទូរទស្សន៍ដ៏ពេញនិយមទាំងនោះ ហ្គេមមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរ ដែលរួមមានអភិបាលស្រុកចំការលើ ក៏ដូចជាអធិការស្រុកចំការលើ គេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។

គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ។

ទោះយ៉ាងណាក៏ដោយ ពលរដ្ឋនិងមហាជនស្នើ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ
ឯម កុសល ស្នងការខេត្តកំពង់ចាម បង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕