(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា តាមបណ្តាខេត្តនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៤-២០ ខែកញ្ញា។ ស្ថានភាពនេះគឺបណ្តាលមកពីកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមួយសប្តាហ៍នេះ នឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ។
នៅតំបន់ទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅតំបន់នោះនឹងមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សា និងមានសីតុណ្ហភាពពី ៣១-៣៣អង្សា។
នៅតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះ អាចមានភ្លៀងច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ត្រង់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សា និងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សា។
ចំណែកនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សា និងសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សា។
ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ចំពោះជំនន់ដែលអាចកើតមកពីបវិមាណទឹកភ្លៀងច្រើនកន្លងមក និងភ្លៀងជាបន្តបន្ទាប់បន្ថែមជូនៗ៕