សង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ នៅស្ថានទូតអង់គ្លេស

នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា។

សារលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ដែលចុះហត្ថលេខា ក្នុងឱកាសអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង នៃការយាងសោយទិវដង្គត របស់ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ នៃចក្រភពអង់គ្លេស ដែលបានសោយទិវង្គត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះរាជដំណាក់ បលម៉ូវ៉ល (Balmoral) នៅស្កុតឡែនដ៍។ ការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រីយ៍ អេលីហ្សបែតទី២ គឺជាការបាត់បង់ដមហិមា មិនត្រឹមតែចំពោះអង់គ្លេស និងបណ្ដាប្រទេសកំមិនវែលប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះពិភពលោកទាំងមូលផងដែរ។

ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ គឺជាឥស្សរជនដ៏គួរឲ្យស្ញប់ស្ញែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់ខ្ជួននូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ។ ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត នឹងគង់នៅក្នុងការចង់ចាំ របស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀត ក្នុងពិភពលោកជារៀងរហូត។

ក្នុងឱកាសប្រកបដោយក្ដីសង្វេគនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស និងជាពិសេសជាមួយ ព្រះរាជរង្សានុវង្សរបស់ទ្រង់ ចំពោះការបាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ សូមទ្រង់យាងទៅកាន់សុគតិភព»៕