តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ នៅថ្ងៃបុណ្យភ្ជុំខាងមុខនេះ។
ក្រៅពីបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលនានា សូមកុំដំឡើងថ្លៃ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកស្រុកកំណើត នារដូវបុណ្យភ្ជុំ។
«ខ្ញុំអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយ សុំកុំឲ្យដំឡើងថ្លៃ នៅក្នុងរយៈពេលនៃការធ្វើបុណ្យ ដើម្បីប្រជាជន មានលទ្ធភាពក្នុងការធ្វើដំណើរ។ សូមឲ្យសាលារាជធានីភ្នំពេញ ពិនិត្យលទ្ធភាពក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូន នៅថ្ងៃភ្ជុំបិណ្ឌ បញ្ចេញរថយន្តទៅតាមបណ្តាខេត្ត ដូចដែលយើងបានធ្វើនៅមុនកូវីដ១៩បានមកដល់ ដើម្បីកាត់បន្ថយនូវការដំឡើងថ្លៃ របស់រថយន្តឈ្នួលទាំងឡាយ។ សាលារាជធានីភ្នំពេញ មានលទ្ធភាពនឹងធ្វើបែបនេះ ដើម្បីជួយដល់កម្មករ កម្មការិនី ជួយដល់ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរ ទៅតាមមូលដ្ឋាននានា ចៀសវាងបាននូវការដំឡើងថ្លៃ របស់ម្ចាស់រថយន្តឈ្នួល ឬតាក់ស៊ី»។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត ចំពោះជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ តាមរយៈនយោបាយស្រោចវ៉ាក់សាំង ដែលធ្វើឲ្យកម្ពុជា អាចដំណើរការសង្គម សេដ្ឋកិច្ចបានពេញលេញលើគ្រប់វិស័យ។ ជាក់ស្តែងអាចអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអាចជួបជុំ ធ្វើបុណ្យទានបានដូចធម្មតាឡើងវិញ ពិសេសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅពេលនេះ។
ជាការកត់សម្គាល់របស់សម្តេចតេជោ ក្នុងឱកាសបុណ្យកាន់បណ្ឌិត ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ អ្នកលក់ដូរ អ្នកដឹកជញ្ជូនជាដើម បង្ហាញនូវទឹកមុខញញឹមរីករាយ ដោយសារអាចធ្វើបុណ្យដោយសប្បាយចិត្ត លក់ដូរដាច់ក្នុងឱកាសបុណ្យទាន។ តែយ៉ាងណាទោះបីស្ថានភាពជំងឺកូវីដ១៩ ស្ថិតក្នុងកម្រិតទាបក្តី ក៏សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវ ចំពោះព្រះសង្ឃតាមទីវត្តអារាមនានា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» និងត្រូវយកចិត្តទុកដាក់លើការការពារ កុំឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សូមជម្រាបថា សម្រាប់ឆ្នាំនេះ ពិធីបុណ្យភ្ជុំនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤, ២៥ និង ២៦ ខែកញ្ញា ឆ្នាំ២០២២៕