សង្គម

ក្រសួងសុខាភិបាល​ណែនាំព្រះសង្ឃ និងណែនាំពុទ្ធបរិស័ទ អនុវត្តវិធានការសុខាភិបាល នាអំឡុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទូលប្រគេនព្រះសង្ឃ និងណែនាំពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់ពេលចូលក្នុងទីអារាម ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលនេះ។

បើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ កញ្ញា ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត ឃុំ-សង្កាត់ គណៈកម្មការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់របៀប រៀបរយនៅក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវ​ចាត់ចែងណែនាំឱ្យមានការអនុវត្តវិធានការសុខាភិបាល រួមទាំងបង្កើនសកម្មភាពត្រួតពិនិត្យ និងតាមដានពុទ្ធបរិស័ទ ដែលចេញចូលទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួន ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឱ្យមានការចម្លងមេរោគកូវីដ-១៩ ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា អ្នកដែលអនុញ្ញាតឱ្យចូលទៅទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ត្រូវពាក់ម៉ាស់​ជាចាំបាច់ និងជាប្រចាំ។ ជាមួយគ្នានោះ ត្រូវរៀបចំឱ្យមានកន្លែងលាងដៃ នៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃ ឱ្យបានញឹកញាប់ ការវាស់កម្តៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកជែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់ កុំឱ្យមានការធ្វេសប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ។

ត្រូវចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ (១.៥ម៉ែត្រ) គ្រប់ពេលដែលពុទ្ធបរិស័ទ ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ និងក្នុងពេលមានការប្រគេន ចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ ឬនៅពេលអង្គុយ ឬឈរង់ចាំការប្រគេនចង្ហាន់ និងទេយ្យទាន ឬពេលស្តាប់ព្រះធម៌ជាដើម។

ចំណែកព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្តអារាម ពេលអង្គុយ ឬឈររង់ចាំការប្រគេនចង្វាន់ និងទេយ្យទាននានា ជាពិសេស នៅពេលសូត្រព្រះធម៌បង្សុកូល និងឧទិសកុសលជូនដល់មាតាបិតា ញាតិការ និងបុព្វការីជន ដែលបានធ្វើមរណកាលទៅហើយនោះ ពិនិត្យតាមដានពុទ្ធបរិស័ទទាំងអស់ និងរាយការណ៍ទៅទូរសព្ទទាន់ហេតុការណ៍១១៥ នូវរាល់ករណីសង្ស័យឆ្លង​ជំងឺកូវីដ-១៩ ឬករណីគ្រុនក្ដៅ ឬគ្រុនផ្ដាសាយ ដែលកើតមានជាក្រុម ឬជំងឺសង្ស័យឆ្លងរាតត្បាតផ្សេងៗ ត្រូវមានការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ កុំច្របូកច្របល់ ចៀសវាងការពុលចំណីអាហារ ឬមានជំងឺបណ្ដាលមក​ពីចំណីអាហារមិនមានសុវត្ថិភាព ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជន ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យមានការអនុវត្ត វិធានការ ការពារខ្លួន ស្របតាមរបត់នៃ «ការរស់នៅធម្មតាតាមបែបកន្លែងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» ដោយប្រកាន់យកនូវការអនុវត្តវិធីការពារខ្លួន «៣ការពារ និង៣កុំ»។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរខេត្ត-ស្រុក-ក្រុង-ខណ្ឌ រដ្ឋបាលឃុំ-សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តវិធានការខាងលើឱ្យបានខ្ជាប់ខ្ជួន ហើយជួយជំរុញឱ្យប្រជាជនទៅចាក់វ៉ាក់​សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា នៅតាមមូលដ្ឋានសុខាភិបាល និងនៅតាមទីតាំងដែលត្រូវរៀបចំចាត់ចែងដោយរដ្ឋបាលរាជធានី-ខេត្តជាចាំបាច់ផងដែរ។ សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី១១ រហូតដល់ថ្ងៃទី២៦ខែ កញ្ញាឆ្នាំ២០២២៕