សង្គម

រង្វង់មូលក្រុងប៉ោយប៉ែតនឹងត្រូវកសាងឡើងវិញ ដោយមានថែមរូបសំណាក់ព្រះវិស្ណុទស្សវត្សទី៩០

រង្វង់មូលក្រុងប៉ោយប៉ែតនឹងកសាងឡើងវិញដោយសាងសង់បន្ថែមនូវរូបសំណាក់ព្រះវិស្ណុទស្សវត្សទី៩០។ រង្វង់មូលក្រុងប៉ោយប៉ែតត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ថិតភូមិក្បាលស្ពានមួយ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា រង្វង់មូលក្រុងប៉ោយប៉ែតត្រូវបានក្រុងពលីសាងសង់ដោយមានការអនុញ្ញតពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ហើយរដ្ឋបាលក្រុង នឹងរៀបចំឡើងវិញដោយកសាងរូបសំណាក់ព្រះវិស្ណុចំនួន១អង្គ ដែលមានបល័ង្គប្រវែង ៣,៦ម៉ែត្រ និងមានកម្ពស់៥ម៉ែត្រនាំមកពីស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកបានបញ្ជាក់ថា រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ គ្រោងថវិកាចំណាយប្រមាណ១.៩លានដុល្លារអាម៉េរិក ដែលជាថវិការដ្ឋបាលក្រុងប៉ោយប៉ែតផ្ទាល់ និងចូលរួមពីក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយមិន និងសប្បុរសជនមួយចំនួន ដើម្បីកសាងរង្វង់មូលឱ្យមានសោភ័ណភាពកាន់តែស្អាត និងទាក់ទាញភ្ញៀវជាតិអន្តរជាតិ។

ឯកឧត្តម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាសមិទ្ធផល និងទីតាំងចាស់មួយដែលមានចម្ងាយពីព្រំដែនកម្ពុជា-ថៃ មានប្រវែង៣៥១ម៉ែត្រ និងអង្កត់ផ្ចិត៤០ម៉ែត្រ ដែលរៀបចំសួនច្បារ និងដាំបង្គោលភ្លើងជុំវិញ ហើយមានសួនសម្រាប់ប្រជាពលរដ្ឋអាចទៅលេងកម្សាន្តថែមទៀតផង៕