សង្គម

ច្រករបៀងព្រំដែនកម្ពុជា-ថៃ នឹង​លែង​ទទួល​​យក​ពលករខុសច្បាប់​ចាប់ពីថ្ងៃទី១ ខែកញ្ញា

ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ​នេះ ច្រករបៀប​តាម​ខ្សែ​បន្ទាត់ព្រំដែន​កម្ពុជា-ថៃ ដូចជា​ច្រក​អូរបីជាន់ ច្រក​បឹងត្រកួន និង​ច្រក​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ម៉ាឡៃ នឹង​លែង​ជាទីតាំង​ប្រគល់ ទទួល​ពលករ​ខុស​ច្បាប់មក​ពី​ប្រទេស​ថៃទៀត​ហើយ ​​​​​ដោយ​ត្រូវ​ផ្ទេរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតវិញ។

យ៉ាងណាក៏ដោយ​រយៈពេល​ប៉ុន្មានថ្ងៃមកនេះ ​គេ​សង្កេត​ឃើញថា មានពលករ​កម្ពុជា​ជាច្រើន​បានត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រករបៀប ដូចជា​នៅ​ច្រកអូរបីជាន់​កាលពី​ថ្ងៃទី២៩ ខែសីហា មានពលករ​ខ្មែរ​ប្រមាណ ៤៣នាក់​បាន​ត្រឡប់​ម​ក​វិញ ខណៈ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិប៉ោយប៉ែត ក៏​បានរាយការណ៍​ពី​ការ​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់ដោយភាគីថៃ​ប្រមាណ២០ ទៅ​៣០នាក់​ក្នុង​មួយ​ថ្ងៃ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ អាជ្ញាធរខេត្តជាប់ជាយដែនកម្ពុជា-ថៃ បានប្រជុំពិភាក្សាទ្វេភាគីសម្រេចឱ្យពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ត្រូវឱ្យចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ ដោយបិទទីតាំងទទួលពលករ នៅច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅ ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួក និងច្រកក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ៕