(ព្រះវិហារ) ៖ ទឹកស្ទឹងសែននៅក្រុងព្រះវិហារ បានឡើងដល់កម្ពស់ ១២,៥៤ ម៉ែត្រ គឺឡើងហួសពីកម្រិត ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ដល់ទៅ ជាងមួយម៉ែត្រ ធ្វើឱ្យមានការលិចលង់ ដល់ភូមិសាស្ត្រនៃស្រុកក្រុង ចំនួន៤ ប៉ះពាល់ប្រជាពលរដ្ឋ ជិត ៥០០ គ្រួសារ ដំណាំស្រូវ និងដំណាំរួមផ្សំប្រមាណជា ប្រាំពាន់ហិកតា។
លោក កែវ វី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតមដល់ល្ងាចថ្ងៃទី២៩ ខែសីហា ជំនន់ទឹកស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ មាននៅក្រុង ស្រុក ចំនួន ៤ គឺក្រុងព្រះវិហារ ស្រុកជាំក្សាន្ត ស្រុកជ័យសែន និង ស្រុកត្បែងមានជ័យប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ៤៨៧ គ្រួសារ ស្មើនឹង ១.៩៤៨ នាក់។ ផ្ទះចំនួន ១៦៥ ខ្នងត្រូវបានលិច និង ខូចមួយខ្នង ប្រជាជនចំនួន ៧៤ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
លោក កែវ វី បានបញ្ជាក់ថាៈ ទឹកជំនន់ស្ទឹងសែន ដែលកំពុងបន្តជន់ឡើង លិចតំបន់ទំនាបនៃក្រុងព្រះវិហារនេះ បានធ្វើឱ្យខូចដំណាំស្រូវ ចំនួន ៣.២៦២ ហិកតា ដំណាំរួមផ្សំ២.០៨៣ ហិកតា និង ផ្លូវលំជនបទមួយចំនួន។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមក៏បានប្រាប់ឱ្យដឹងដែរថា ទឹកស្ទឹងសែននៅក្រុងព្រះវិហារ គិតពីព្រឹក មកដល់ល្ងាច ថ្ងៃទី២៩ ខែសីហា ទឹកបានកើនឡើង ជាងកន្លះម៉ែត្រទៀត
គឺឡើងដល់កម្ពស់ ១២,៥៤ ម៉ែត្រ ដែលកាលពីព្រឹក មានកម្ពស់ត្រឹម ១២,១២ ម៉ែត្រហើយទឹកដែលត្រូវ ប្រកាសឱ្យមានការប្រុងប្រយ័ត្ន នៅក្រុងព្រះវិហារ នៅកម្ពស់ ១១,៥០ម៉ែត្រ បានន័យថា ទឹកបានឡើងលើសកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នរហូតដល់ជាងមួយម៉ែត្រ។
អ្នកនាំពាក្យក៏បានបញ្ជាក់ដែរថា បណ្តាអូរនៅតាមព្រំដែននៃក្បាលស្ទឹងសែន បានស្រកអស់ហើយ នៅល្ងាចថ្ងៃទី២៩ និង ក៏មិនមានភ្លៀងធ្លាក់ថែមមកទៀតដែរ នៅថ្ងៃនេះ ទឹកនៅក្រុងព្រះវិហារ អាចនឹងស្រកចុះវិញ នៅពេលមួយថ្ងៃបន្ទាប់ពីនេះ។
ដោយឡែកលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ត្រូវបានគេប្រាប់ឱ្យដឹងថា នៅល្ងាចថ្ងៃទី២៩ខែសីហា លោកបានរួមដំណើរជាមួយនឹងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពទឹក នៅតាមព្រំដែន ឃើញថាគ្រប់អូរនៃក្បាលស្ទឹងសែន បានស្រកអស់ហើយ៕