សង្គម

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឱ្យពលកររាយការណ៍ ប្រសិន​បើ​ប្រទះជនខិលខូច ដែលធ្វើការឃោសនាអកុសល

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីប្រកាសណែនាំជាថ្មីមួយ ដោយអំពាវនាវឱ្យពលករកម្ពុជា ដែលកំពុងធ្វើការ នៅប្រទេសកូរ៉េត្រូវរាយការណ៍ទៅកាន់ស្ថានទូត ករណីជួបប្រទះ ឬប្រឈមនឹងករណីគំរាមកំហែង ឬបង្ខិតបង្ខំណាមួយ ពីសំណាក់ជនខិលខូច។

បើយោងតាមសេចក្តីប្រកាសណែនាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា «សូមជូនព័ត៌មានដល់សាធារណជន មេត្តា ជ្រាបថា ថ្មីៗនេះ ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនាប្រជាភិថុតិ បែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញ យ៉ាងតក់ក្រហល់»។

ស្ថានទូតសូមអំពាវនាវដល់សាធារណជន ដែលកំពុងរស់នៅ ធ្វើការនិងសិក្សា នៅសាធារណរដ្ឋ កូរ៉េ ដូចខាងក្រោម៖

១. ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតិរបស់ជនអគតិមួយចំនួន ឱ្យបោះបង់ចោលការងារ ដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងការកសាងអនាគត ទៅថ្ងៃខាងមុខ។

២. ការវិលត្រលប់ទៅកម្ពុជា យ៉ាងប្រញ៉ាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារ និងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារ សម្រាប់បងប្អូនពលករខ្មែរដទៃទៀត ទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ផលិតកម្មរបស់និយោជកកូរ៉េ រងនូវផលប៉ះពាល់ផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ សូមធ្វើការពិចារណាឱ្យបានម៉ត់ចត់ ជៀសវាង ការជឿទៅលើសំដីបំផុសបំផុលទាំងនោះ ដែលនាំមកនូវការបាត់បង់ផលប្រយោជន៍ផ្ទាល់របស់បងប្អូន នាពេលអនាគត។

ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ បានជួបប្រទះ ឬប្រឈមនឹងករណីគំរាមកំហែង ឬបង្ខិតបង្ខំណាមួយ សូមទំនាក់ទំនងមកលេខ ទូរស័ព្ទ ស្ថានទូត +៨២២ ៣៧៨៥ ១០៤១ ស្ថានទូតនឹងជួយគាំពារ និងសម្របសម្រួលតាមផ្លូវច្បាប់៕