សង្គម

រកឃើញ​សារធាតុ​អាស​បេ​ស្តូ​ស នៅក្នុង​ម្សៅ​លាប​ទារក និង​កុមារ ដែល​បង្ក​គ្រោះថ្នាក់​​

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃម្សិលមិញ បានប្រកាសថា គេបានរកឃើញ​សារធាតុ​អាសបេស្តូស ដែល​បង្កគ្រោះថ្នាក់​ ពិសេស​កើតជំងឺមហារីក បន្ទាប់ពី​ចុះ​យក​សំណាក​គំរូ និង​ធ្វើតេស្ត​វិភាគ​លើ​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ (Baby Talcum Powders) មួយចំនួន​។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប បាន​បញ្ជាក់ថា ដើម្បី​ការពារ​សុខភាព​អ្នកប្រើប្រាស់ ជាពិសេស​ទារក និង​កុមារ អគ្គនាយកដ្ឋាន ក​.​ប​.​ប បានដាក់​ចេញ​នូវ​វិធានការ​បណ្ដោះអាសន្ន​មួយចំនួន ដូចជា តម្រូវឱ្យ​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ ដូច​មាន​ក្នុង​តារាង​ឧបសម្ព័ន្ធ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ការនាំ​ចូល និង​ចែកចាយ រាល់​ផលិតផល​ដែលមាន​ក្នុង​តារាង​ឧបសម្ព័ន្ធ មក​ក្នុងប្រទេស​កម្ពុជា និង​តម្រូវឱ្យ​ប្រមូល​ពី​ទីផ្សារ​នូវ​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ និង​រាយការណ៍​មក​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. អំពី​បរិមាណ​ផលិតផល​ដែល​ប្រមូល​។​

ក្រៅពីនេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ទុក​រយៈពេល ២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បីឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក្នុងការ​នាំយក​នូវ​សំណាក​នៃ​ផលិតផល​ដែល​ត្រូវបាន​រកឃើញថា មាន​សារធាតុ​អាស​បេ​ស្តុ​ស ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​ភាគី​ទី​៣ ដែលមាន​សមត្ថភាព និង​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។​

​ក្រុមហ៊ុន​ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​រោងចក្រ​ផលិត និង​សមត្ថកិច្ច ក​.​ប​.​ប​. ដោយ​ឈរលើ​គោលការណ៍​តម្លាភាព និង​គាំទ្រ​ដោយ​មូលដ្ឋាន​វិទ្យាសាស្ត្រ ដើម្បី​ធានាថា រាល់​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ ដែល​ត្រូវបាន​ចែកចាយ និង​ដាក់លក់​នៅលើ​ទីផ្សារ មិន​ត្រូវមាន​សារធាតុ​អា​បេ​ស្តូ​ស​ឡើយ​។ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​ជូនដំណឹង​អំពី​ព័ត៌មាន​លម្អិត និង​វិធានការ​បន្ថែមទៀត នៅពេលដែល​ទទួលបាន​លទ្ធផល​វិភាគ​ពី​មន្ទីរពិសោធន៍​ភាគី​ទី​៣ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​តម្លាភាព​។​

​សូមបញ្ជាក់ថា សារធាតុ​អាស​បេ​ស្តុ​ស មិនត្រូវ​អនុញ្ញាត​ឱ្យមាន​វត្តមាន​នៅក្នុង​ផលិតផល​គ្រឿងសម្អាង​ទេ​។ វត្តមាន​នៃ​សារធាតុ​នេះ អាច​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស ជាពិសេស​អាច​បណ្តាលឱ្យ​កើត​ជំងឺមហារីក​៕