សង្គម

សម្តេច ស ខេង សម្រេចដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ដែលដើរសន្យាផ្តល់ក្របខណ្ឌប៉ូលីស

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និង​លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែសីហាថា កន្លងមកសម្តេចបានស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាឲ្យដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ។ សម្តេច ស ខេង បានស្នើឲ្យដកដោយសារមន្ត្រីរូបនោះបានសន្យាបញ្ចូលក្របខណ្ឌនគរបាលជាតិជាថ្នូរនឹងការផ្ដល់ប្រាក់ក្នុងម្នាក់ហោចណាស់ចំនួន២ម៉ឺនដុល្លារអាមរិក។

«មន្ដ្រីថ្នាក់អនុរដ្ឋលេខាធិការម្នាក់ ខ្ញុំស្នើទៅសម្ដេចតេជោដកចេញ ដោយសារដើរសន្យាគេតែម្ដង[..]។ ខ្ញុំមិនហែកកេរ្តិ៍ទេ អាហ្នឹងត្រូវអារកាត់ធ្វើ បើមិនអ៊ីចឹងទេ ដើរសន្យាលក់ក្របខណ្ឌ អាហ្នឹងអត់បានទេ[..]។ យើងកំពុងធ្វើកំណែទម្រង់នគរបាល ដើម្បីឈានទៅដល់មានគុណភាព ប្រសិទ្ធិភាព ដើម្បីបម្រើប្រជាពលរដ្ឋ។ ធាតុពិតទៅ គឺអត់សង្ឃឹមថាបានទេ តែអាអ្នកជឿគេ ឲ្យលុយកាក់គេទៅ[..]» សម្តេច ស ខេង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្តែងការហួសចិត្តចំពោះមន្ត្រីមួយចំនួន​ដែលទទួលយកលុយចំនួន១ ទៅ៣ម៉ឺនដុល្លារពីអ្នកដែលមានបំណងចង់ធ្វើជាប៉ូលីស ហើយសន្យាថានឹងរត់ការដើម្បីឲ្យចូលធ្វើជាប៉ូលីសនៅឆ្នាំនេះ ឆ្នាំនោះ។ «ទោះបីខ្ញុំជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏គ្មាន​សិទ្ធិ​ចុះហត្ថលេខាផ្ដល់​ក្របខណ្ឌ ​ដោយ​គ្មានការប្រឡងនោះទេ។ ខ្ញុំគ្រាន់តែមាន​សិទ្ធិអនុញ្ញាត​ឱ្យចូលប្រឡង ប៉ុន្ដែ​ប្រឡងជាប់ ឬមិនជាប់​ គឺស្ថិតលើខ្លួនឯង»។

ឯកឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលសម្តេចក្រឡាហោម ស ខេង​ សម្រេចដកមុខដំណែងនោះ គឺជាលោក​ឧត្តមសេនីយ​ឯក ​ជា ​ប៊ុនហេង​​​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ។ «សម្តេចតេជោ បានចេញអនុក្រឹត្យដកលោក ជា ប៊ុនហេង ចេញពីក្របខណ្ឌក្រសួងហើយ ដោយសារកន្លងមកគាត់មានកំហុស…យើងដកតំណែងគាត់ ដើម្បីកុំឲ្យមានឈ្មោះស្អុយដល់ក្រសួង..»។​

សូមរំលឹកថា លោក ជា ប៊ុនហេង ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃតាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២៕