សង្គម

អ្នក​ណា​រៀបចំ​លិខិត​បេសកកម្ម​ឱ្យ​នគរបាល​ឈរជើង​តាម​ដងផ្លូវ?

ខេត្តតាកែវ ៖ ក្រោយ​ពី​ធ្លាយ​រឿង​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការ​រៀបចំ​ក្រុម​មន្ត្រី​នគរបាល​ដែល​មិន​មែន​ជា​មន្ត្រី​ជំនាញ​ឈរ​លើ​ដងផ្លូវ មក​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​មក​បំភ្លឺ​រឿង​។

តាម​ការ​អោយ​ដឹង​ថា ក្រោយ​ពេល​បំភ្លឺ ក្រុម​មន្ត្រី​ដែល​មាន​លិខិត​បេសកកម្ម​បាន​ឆ្លើយ​ថា ខ្លួន​បាន​មក​ឈរជើង​លើ​ដងផ្លូវ​ជាតិ គឺ​តាម​រយៈ​លោក ឆាយ សា​វុ​ធ ស្នងការ​រង​ទទួល​ផែន​សណ្ដាប់ធ្នាប់​ចរាចរណ៍ តែ​រឿង​អស់​លុយ​ប៉ុន្មាន គឺ​មិន​មាន​ចម្លើយ​នោះ​ទេ ព្រោះ​ដឹង​ថា អ្នក​សូក និង​អ្នក​ទទួល​មានទោស​ស្មើ​ៗ​គ្នា ម្ល៉ោះហើយ​អ្នក​ស៊ី​ក៏​ចេះ អ្នក​សូក​ក៏​ចេះ​ដែរ​។

គួរ​រំលឹក​ថា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​បំភ្លឺ​ថា បន្ថែម​កម្លាំង​តាម​គោលដៅ​ចរាចរណ៍ ដើម្បី​ប្រសិទ្ធភាព​ការងារ​ជូន​ពលរដ្ឋ។

ក្រោយ​មានការ​ផ្សព្វផ្សាយ​ករណី​បង់លុយ​ពាន់​ៗ​ដុល្លារ ដើម្បី​មានឈ្មោះ​ឈរ​តាម​គោលដៅ​ចរាចរណ៍​នានា​ដែល​ជា​ជង្រុក​លុយ​ហូរ​ចូល ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា គឺជា​ការ​សហការ​គ្នា​ធ្វើការ​រវាង​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជាមួយនឹង​ប៉ូលិស​ចរាចរណ៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ជូន​ប្រជាពលរដ្ឋ​។

ក្នុង​លិខិត​បំភ្លឺ​នោះ ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ករណី​បែកធ្លាយ​យក​លុយ​ពី​មន្ត្រី​នគរបាល​ចាប់ពី​១០០០​ដុល្លារ ទៅ​៣០០០​ដុល្លារ ដើម្បី​បាន​ឈរជើង​នៅ​តាម​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​តាម​ផ្លូវជាតិ​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ​នោះ លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត បាន​រៀបចំ​ក្រុមការងារ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត សំដៅ​រក​ឲ្យ​ឃើញ​ការ​ពិត ព្រមទាំង​មាន​វិធានការ តាម​វិន័យ​កងកម្លាំង​នគរបាល​ជាតិ កុំ​ឲ្យ​មានការ​យល់​ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ផង​ដែរ​ថា មាន​ប្រភព​បែកធ្លាយ​មួយ​បាន​បង្ហើប​ថា មន្ត្រី​នគរបាល​ខេត្តតាកែវ ត្រូវ​ចំណាយ​លុយ​១០០០​ដុល្លារ រហូត​ដល់​៣០០០​ដុល្លារ ដើម្បី​មានឈ្មោះ​ក្នុង​តារាង​បេសកកម្ម​ឈរ​តាម​គោលដៅ​លើ​ផ្លូវជាតិ​។ ក្នុង​នោះ​មាន មន្ត្រី​នគរបាល​ជាង​២០​នាក់ ដែល​មិនមែន​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​នោះ​ទេ បាន​ចំណាយ​លុយ​ក្រាស់ក្រែល ដើម្បី​បាន​ពាក់​ឯកសណ្ឋាន​ចរាចរណ៍​ឈរ​នៅ​លើ​ផ្លូវជាតិ​។ ហើយ​កម្លាំង​ទាំងនោះ ក៏​មិនមែន​មក​ពី​កម្លាំង​ការិយាល័យ​អន្តរាគមន៍​នោះ​ដែរ គឺ​មក​ពី​ការិយាល័យ​ផ្សេង​ៗ​ក្នុង​ស្នងការដ្ឋាន​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​នគរបាល​ចរាចរណ៍​ក្នុង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​ចំនួន​៦៧​នាក់​ប្រើប្រាស់​មិន​ទាំងអស់​ផង បែរជា​បន្ថែម​មន្ត្រី​នគរបាល​ខុស​ជំនាញ​ចំនួន​២០​នាក់​ទៀត ហើយ​ការ​បន្ថែម​នេះ គឺ​ដោយសារ​លុយ អ្នក​អស់​លុយ​តិច​មាន​តួនាទី​តូច​ៗ អ្នក​អស់​លុយ​ច្រើន​មាន​តួនាទី​ធំ​ៗ ដូច​ជា ប្រធាន​គោលដៅ​អាច​អស់​៣០០០​ដុល្លារ។

មហាជន​យល់​ឃើញ​ថា ទោះបីជា​មានការ​បំភ្លឺ​យ៉ាងណា​ក្តី ទោះបី​បង្កើត​ក្រុម​ស្រាវជ្រាវ​ផ្ទៃក្នុង​សួរនាំ​ក្តី វា​គ្រាន់តែ​ឱ្យ​ល្អមើល​តែ​ប៉ុណ្ណោះ ដែល​គេ​ថា នាំ​គ្នា​លាង​ពាង​ប្រហុក លោកស្នងការ​រង ដែល​ជា​អ្នក​ធ្វើ​បញ្ជី​ឈ្មោះ បង្កើត​គោលដៅ​ប៉ុណ្ណោះ ។

យ៉ាងណា​ក៏​ដោយ ក្លិន​អសោច​ន៍​នៃ​ប្រហុក​ដែល​ធ្លាយ​ពាង​មិន​អាច​លាង​ស្អាត​បាន​ឆាប់​ៗ​ឡើយ ។

ដរាបណា​មាន​ព័ត៌មាន​ប្លែក​ថ្មី យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ។

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299