សង្គម

ពលរដ្ឋថា មានល្បែងជល់មាន់និងអាប៉ោង ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខណៈលោកអធិការបដិសេធ!!!

កោះកុង៖ ប្រភពព័ត៌មានច្បាស់ការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា អ្នកញៀនល្បែងបញ្ជល់មាន់ និងអាប៉ោងខ្នាតធំ និងដុះស្លែរនេះនាំគ្នាលេងយ៉ាងសុខស្រួល ដោយមិនខ្វល់ពីអាជ្ញាធរក្នុងមូលដ្ឋានឡើយរាប់ឆ្នាំហើយ។

ពលរដ្ឋបន្តទៀតថា មេបនល្បែងដែលមានឈ្មោះ (វ៉ា )ជាម្ចាស់ទីតាំងបញ្ជល់មាន់ និងអាប៉ោង ស្ថិតនៅចំណុចភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងតែសប្បាយប្រមូលលុយ ដោយមិនខ្វល់ពីអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបឡើយព្រោះមានលោក នួន ណារ័ត្ន មេប៉ុស្តិ៍នគរបាលជ្រោយស្វាយ ជាអ្នកបើកភ្លើងខៀវ ឲ្យទីតាំងលួចលេងល្បែងស៊ីសងនេះដំណើរការបានយ៉ាងរលូននិងដោយសេរី ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន។ ល្បែងបញ្ជល់មាន់នេះ បើកលេងទ្រង់ទ្រាយធំ ព្រោះគូពិសេសដាក់ដើមថាន់ពី ៥០០ដុល្លារ ដល់២០០០ដុល្លារ ហើយល្បែងអាប៉ោងក៏ស៊ីសងលុយច្រើនៗដែរ។

ល្បែងបញ្ជល់មាន់ និងអាប៉ោងបើកលេងចាប់ពីវេលាម៉ោង១១ថ្ងៃត្រង់រហូតដល់ល្ងាច​។ ដូចនេះមេបនល្បែងស៊ីសងឈ្មោះ វ៉ា អាចប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ពលរដ្ឋកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខសង្គម ព្រោះដោយសារនៅក្នុងភូមិស្រុករបស់គាត់មានបើកល្បែងស៊ីសងខុសច្បាប់យ៉ាងគឃ្លើនបែបនេះ។បន្ថែមពីលើនេះ ពលរដ្ឋនិងមហាជនជាច្រើន បានដាក់ការសង្ស័យ ប្រហែលជាបានលាភសក្ការៈ ពីបនល្បែងខាងលើនេះច្រើនហើយមើលទៅ ទើបបានជាគ្មានដែលឃើញសមត្ថកិច្ច ចុះមកបង្ក្រាបបនល្បែងខាងលើនេះទេ ហើយពួកគាត់ក៏បានដាក់ជាសំនួរសួរថា បើមិនបានទទួលលាភសក្ការៈ ពីម្ចាស់បនល្បែងទេ ម្ដេចក៏អាជ្ញាធរ មានសមត្ថកិច្ចក្នុងស្រុកស្រែអំបិល មិនបង្ក្រាបបនល្បែងស៊ីសងខាងលើនេះ។

ជុំវិញពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ លោក ហួន នុន អធិការស្រុកស្រែអំបិល ថ្លែងមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះថា ទាក់ទងនឹងបនល្បែងបញ្ជល់មាន់និងអាប៉ោង ខាងលើនេះ គឺជាព័ត៌មានមិនពិតនោះ ព្រោះលោកមិនអនុញ្ញាតឱ្យមានជាដាច់ខាត ហើយបើមាន ក៏ជារឿងយូរណាស់មកហើយ លោកក៏បានបញ្ជាក់បន្ថែមថា សូមឲ្យពលរដ្ឋ រាយការណ៍ និងសហការទៅលោកផ្ទាល់ បើសិនជាឃើញមានករណីបើកល្បែងស៊ីសង។

យ៉ាងណាក៏ដោយពលរដ្ឋនិងមហាជនស្នើរអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្រែអំបិល ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងឃុំជ្រោយស្វាយ និងមានវិធានការផ្លូវច្បាប់ទៅលើបុគ្គលឈ្មោះ(វ៉ា) នេះផងទាន៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299