សង្គម

ពលរដ្ឋស្នើ អាជ្ញាធរខេត្តត្បូងឃ្មុំ ជួយបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ តាមទូរទស្សន៍ ក្នុងឃុំក្រែក !!!

(ត្បូងឃ្មុំ) ៖ ទោះបីជាភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រដ្ឋាភិបាល ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ដន៍ទូទាំងប្រទេសយ៉ាងណារក្ដីក៏នៅតែអាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនគោរពតាមគោលនយោបាយនេះឡើយ។

ជាក់ស្ដែងទីតាំងបនល្បែងជល់មាន់ តាមទូរទស្សន៍ ដែលស្ថិតនៅ ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្ដត្បូងឃ្មុំ។កំពុងតែធ្វើអោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បាត់បង់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ ដោយសារតែមានល្បែងសុីសងជល់មាន់តាមទូរទស្សន៍ ដែលកំពុងពេញនិយមទាំងក្នុងទីក្រុងនិងកំពុងពង្រីកឥទ្ធិពល មកដល់ស្រុកស្រែចម្ការ កំពុងពង្វក់ស្មារតី ពួកគាត់អោយចូលទៅលេង ភ្លេចការងារធ្វើស្រែចំការអស់ហើយ បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃដោយមិនញញ្ញើតនិងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ប្រភពពី អ្នកចេញចូលលេងល្បែងសុីសងមាន់ជល់តាមទូរទស្សន៍ខាងលើនេះបានខ្សឹបប្រាប់មកកាន់(ពេញចិត្តមេឌា)យើងថា ចំពោះទីតាំងបើកល្បែងសុីសងខុសច្បាប់នេះ កំពុងតែបូមប្រាក់ពីពួកមិនតិចទេក្នុងមួយថ្ងៃៗ ព្រោះមានអ្នកខ្លះចាញ់អស់រាប់លានរៀល មានអ្នកចាញ់អស់ឡាន ម៉ូតូក៏មានដែរ នឹងថែមទាំងមានអ្នកខ្លះលក់ដីបញ្ចាំទ្រព្យយកមកលេង ក្រែងមានសំណាងបានប្រាក់ត្រឡប់មកវិញ។ប្រភពបន្តទៀតថា ទីតាំងបើកល្បែងស៊ីសងខាងលើនេះ បើកដំណើរការបានយ៉ាងរលូន ព្រោះមេបនល្បែង បានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងស្រុកពញាក្រែករក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍ខាងលើនេះ ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់ ប៉ុន្តែអ្វីដែលសំខាន់ គឺសំលេងទាំងនេះ មិនបានរំខានដល់ត្រចៀកអាជ្ញាធរក្នុងមូលដ្ឋាននោះទេ។

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក ត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យ បើកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងទៅវិញក្នុងមូលដ្ឋាន?

គូររម្លឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ក៏ដូចក្នុងមូលដ្ឋានផងដែរ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកអធិការស្រុកពញ្ញាក្រែកបានទេ។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់ទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកលោកឧត្ដមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្ដត្បូងឃ្មុំ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកឧត្ដមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្ដត្បូងឃ្មុំ និងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299