នៅចុងសប្តាហ៍ ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរ ចេញដើរកម្សាន្តចំនួន ២២៦.៤៤១ នាក់ ក្នុងនោះ ភ្ញៀវជាតិ ២០៤.៤៨១ នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១.៩៦០ នាក់។ នេះបើតាមការឱ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តបាត់ដំបង ៣៦.៥២០ នាក់, ខេត្តកំពត ២៨.៩៦៤ នាក់, ខេត្តព្រះសីហនុ ២៨.៥០៤ នាក់, ខេត្តសៀមរាប ២៧.៥៨៦ នាក់, រាជធានីភ្នំពេញ ២០.៨១៦ នាក់, ខេត្តកែប ១០.៥៣១ នាក់, ខេត្តកណ្តាល ១០.២៨៦ នាក់, ខេត្តពោធិ៍សាត់ ១០.២៨២ នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងទៀតថាៈ តួលេខខាងលើ មានការថយចុះប្រមាណ ២០,៧៧% ធៀបនឹងសប្តាហ៍កន្លងមក ហើយគោលដៅទេសចរណ៍សំខាន់ៗ សុទ្ធតែ មានថយចុះ ដូចជា ខេត្តព្រះសីហនុ ថយចុះប្រមាណ ៤៨,០៧%, ខេត្តកែប ថយចុះប្រមាណ ៤១,៧២% និងខេត្តសៀមរាប ថយចុះប្រមាណ ៣៨,០៦%។ មូលហេតុ សំខាន់ដែលនាំឲ្យការថយ នៃចំនួនភ្ញៀវទេសចរ នាសប្តាហ៍កន្លងមក បណ្តាលមកពី បញ្ហាអាកាសធាតុ ដែលមិនអំណោយផល មានភ្លៀងធ្លាក់ច្រើន នៅគ្រប់រាជធានី ខេត្ត ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀង នៅតាមតំបន់មួយចំនួន ពិសេសគោលដៅទេសចរណ៍ ខេត្តតំបន់ឆ្នេរ និងគោលដៅទេសចរណ៍ នៅខេត្តពោធិ៍សាត់ (តំបន់វាលវែង និងផ្លូវបុប្ផាលក់ខ្លួន (ផ្លូវជាតិលេខ៥៥) ជាដើម។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថាៈ ដោយឡែក នាចុងសប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋ មួយចំនួន បានធ្វើដំណើរទៅកាន់ទីវត្តអារាមនានា ដើម្បីនាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់ នាពេលចូលព្រះវស្សា ផងដែរ៕