សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានធ្វើការទទូចអង្វរករ ជនរួមជាតិឲ្យទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាថ្មីទៀត ,ខណៈដែលការឆ្លងរាលដាលមេរោគកូវីដ១៩ ប្រភេទ អូមីក្រុងបំប្លែងថ្មី កំពុងរីករាលដាលចេញពីទីក្រុងភ្នំពេញ ទៅកាន់បណ្តាខេត្តរួចស្រេចទៅហើយ ។ សម្តេចតេជោក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ហើយប្រកាន់យកវិធានការសុខាភិបាលឡើងវិញ ពិសេសវិធានការ បីកុំ បីការពារ ឲ្យបានគ្រប់ៗគ្នា។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ប៉ុន្មានថ្ងៃកន្លងទៅនេះកូវីត១៩ ប្រភេទអូមីក្រុងថ្មីបានចាប់ផ្ដើមរីករាលដាលនៅកម្ពុជាទោះបីជាមានចំនួនមិនច្រើន ។តែតាមរយៈ នៃការពិនិត្យដោយម៉ាស៊ីន PCRនិង ដោយការធ្វើតេស្តរហ័សក៏មានចំនួនកើនឡើង ។ ចំនួននេះគីបានរីករាលដាលចេញពីទីក្រុង ភ្នំពេញទៅតាមខេត្តមួយចំនួនរួចស្រេចទៅហើ យ ។
សម្តេចតេជោបន្តថាការឆ្លងដែលមានចំនួនគួរឲ្យព្រួយបារម្ភនេះទោះបីរាជរដ្ឋាភិបាលមិនមានការចាំបាច់ណាមួយដើម្បីបិទទីក្រុង បិទប្រជុំជន បិទហាង លក់ដូរក៏ដោយចុះក៏ ប៉ុន្តែរាជភិបាលមានការចាំបាច់អំពាវនាវចំពោះបងប្អូនជនរួមជាតិបង្កើននូវវិធីនៃការការពារសុខភាពផ្ទាល់ខ្លួន តាមរយៈការវិល ត្រឡប់ទៅរកការអនុវត្តដោយខ្ជាប់ខ្ជួននូវ វិធានការ៣កុំ ៣ការពារ,គឺខិតខំពាក់ម៉ាស ប្រើអាកុលលាងដៃ និង បន្តរក្សាគំលាតហើយក៏ខិតខំជៀសវាងទៅទីកន្លែងដែលមានការប្រមូលផ្ដុំ ការបិទជិតនិងការប៉ះពាល់គ្នានៅ ក្នុងរយៈពេលនៃការឆ្លងរីករាលដាលកាន់តែធំទៅធំទៅ ។
សម្តេចតេជោបានបន្តថាប្រភេទអូមីក្រុងដែលកំពុងចម្លងនេះគឺជាប្រភេទដែលចម្លងលឿនឆ្លងឆាប់រហ័សនិងឆ្លងគ្មានរើសមុខ។ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្ននៅគ្រប់ទី កន្លែងទាំងអស់ពិសេសគឺសុំយកចិត្តទុកដាក់នៅគ្រប់សាលារៀន,សិស្សានុសិស្ស,គ្រូបង្រៀននិងនៅតាមរោងចក្រសហគ្រាសក៏ដូចជាទីកន្លែងទីផ្សារនិងទីប្រជុំជននានា។
ជាមួយនឹងវិធានការសុខាភិបាលដែលត្រូវប្រកាន់យកនេះសម្តេចតេជោនាយករដ្ឋមន្រ្តីនៅតែទទូចអង្វរករប្រជាពលរដ្ឋរបស់យើងទទួលយកវ៉ាក់សាំង ដុសជំរុញព្រោះមានតែវ៉ាក់សាំងមួយនេះទេទើបយើងអាចជៀសផុតពីមហន្តរាយដែលអាចកើតឡើងចំពោះជីវិតមនុស្សដែលមកដល់ពេលនេះយើងមាន រយៈពេលជិត ៩០ ថ្ងៃហើយដែលពុំមានមនុស្សស្លាប់។ ប៉ុន្តែវាក៏អាចឈានទៅដល់ការស្លាប់បានដែរប្រសិនបើមានការធ្វេសប្រហែសវិធីដ៏ល្អជាងគេគឺការទទួលយកវ៉ាក់សាំងដូសជំរុញ,អ្នកដែលមិនទាន់មានដូសមូលដ្ឋានទៅចាក់ដូសមូលដ្ឋាន,ឯអ្នកមានដូសមូលដ្ឋានហើយគឺទៅទទួលដូសជំរុញជាដូសទី ៣, ដូសទី ៤ នឹងរហូតដល់ដូសទី ៥ ។
សម្តេចតេជោ ហ៊ុន សែន បន្តថា៖ជាបទពិសោធន៍បានបង្ហាញថាសព្វថ្ងៃនេះអ្នកដែលបានឆ្លងគឺមានជំងឺកូវីដ១៩ តែមិនទាន់ធ្ងន់ធ្ងរ ការមិនទាន់ធ្ងន់ធ្ងរនេះគឺបណ្ដាលមកពីយើង បានចាក់វ៉ាក់សាំង ។ ប៉ុន្តែប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេប្រហែលជាបញ្ហាបានកើតឡើងចំពោះជីវិតប្រជាពលរដ្ឋរបស់យើងរួចស្រេចទៅហើយ។
ដូច្នេះសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នាព្រោះឥឡូវនេះបានឃើញស្ថានភាពនៃការរីករាលដាលចេញពីទីក្រុងទៅកាន់បណ្ដាខេត្តហើយ តាមរយៈនេះវាអាចចម្លងទៅកាន់ជនបទផងដែរដែលយើងមិនត្រូវមើលស្រាលចំពោះវិធានការទាំងឡាយដែលយើងបានទទួលជោគជ័យកន្លងទៅ។ជោគជ័យរបស់យើងដែលមានរយៈពេលកន្លងទៅគឺបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតាមរយៈការអនុវត្តនូវវិធានការសុខាភិបាល ៣ ការពារនិង ៣កុំហើយនឹងការទទួលយកវ៉ាក់សាំង ។ នេះជា ការបញ្ចាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖មកដល់ពេលនេះចំនួនអ្នកទទួលវ៉ាក់សាំងដូសទី ៣ នៅតែមានចំនួនតិចបើប្រៀបធៀបទៅអ្នកចាក់ដូសទី ២គឺនៅមានប្រជាជនប្រមាណជាង ៤ លាននាក់ដែលត្រូវមកទទួលវ៉ាក់សាំងដុសទី ៣ ។ ដូច្នេះសម្តេចសូមអង្វរប្រជាពលរដ្ឋយកចិត្តទុកដាក់សុខភាពផ្ទាល់ខ្លួន សម្រាប់ក្រុមគ្រួសារនិងសង្គមជាតិរបស់ យើង។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រសួងសុខាភិបាលអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងអាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវធ្វើការជំរុញប្រជាពលរដ្ឋមកទទួលយកវ៉ាក់ សាំង ដើម្បីការពារសហគមន៍របស់យើង៕