(កំពត) ៖ ក្នុងបំណងបញ្ចៀសនូវការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ជាយថាហេតុ ក្រុមហ៊ុនស៊ីណូហាយដ្រូ បានជូនដំណឹងដល់រដ្ឋបាលខេត្តកំពត ដើម្បីបញ្ជ្រាបបន្ត ស្តីពីការបើកទ្វាររំដោះទឹក ចេញពីអាងទំនប់វារីអគ្គិសនីកំចាយ។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ មានខ្លឹមសារថា ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅតំបន់ទំនប់កំចាយ បានធ្វើឱ្យកម្រិតទឹក ក្នុងអាងស្តុក កើនឡើងយ៉ាងឆាប់រហ័ស។ ជាក់ស្តែង នៅវេលាម៉ោង ២ រសៀល ថ្ងៃទី១២ ខែកក្កដា បរិមាណទឹកហូរចូលក្នុងអាង មានចំណុះ ១.៥៣៤ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ធ្វើឱ្យកម្ពស់ទឹកឡើងដល់កម្រិត ១៤៤,៧០ ម៉ែត្រ (មួយរយសែសិបបួនម៉ែត្រក្បៀស៧០)។
ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ផងដែរថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម គឺភ្លៀងនឹងបន្តធ្លាក់ រយៈពេលពេញមួយសប្តាហ៍។ ម្ល៉ោះហើយ ក្រុមហ៊ុនស៊ីណូ ហាយដ្រូ អាចនឹងចាប់ផ្តើមបើកទ្វារបង្ហូរទឹកចេញពីអាងស្តុក នៅព្រឹកព្រលឹម ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ។ ដូច្នេះ សូមរដ្ឋបាលខេត្តកំពត មេត្តាជូនដំណឹងដល់ប្រជាពលរដ្ឋ នៅតាមដងព្រែក ចាត់វិធានការការពារ និងប្រុងប្រយ័ត្ន ឱ្យបានទាន់ពេលវេលា៕