អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់អ្នកធ្វើដំណើរ ឡើងចុះភ្នំអានសេះ ជាប់ព្រំដែនថៃ បង្កើនការប្រុងប្រយ័ត្នបំផុត ព្រោះថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ មានថ្មជាច្រើនផ្ទាំង បានបាក់រមៀលពីចង្កេះភ្នំ ធ្លាក់មកលើទ្រូងផ្លូវ ដែលអាចបង្កការគ្រោះថ្នាក់ ជាយថាហេតុណាមួយ ដោយគ្រោះធម្មជាតិ ។
នគរបាលប៉ុស្តិ៍មូលដ្ឋាន បានឲ្យដឹងទៀតថា ថ្មដែលបានរមៀលធ្លាក់មកលើផ្លូវ ត្រង់ចង្កេះភ្នំ ឡើងទៅច្រកអានសេះនោះ មានច្រើនផ្ទាំងធំៗ ដោយផ្ទាំងថ្មនីមួយៗ មានទំហំ ១,៦០ ម៉ែត្រ គុណនឹង ២ម៉ែត្រ និងមានកំពស់ ១,២០ ម៉ែត្រ ប៉ុន្តែនៅសល់ទំហំផ្លូវ ៥ ម៉ែត្រទៀត សម្រាប់ការធ្វើដំណើរ ឡើងទៅកាន់ច្រកទ្វារអានសេះនេះ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ទៀតថា មកទល់នឹងរសៀលថ្ងៃដដែលនេះ ផ្ទាំងថ្មធំៗទាំងនោះ នៅមិនទាន់បានស្ទូចយកចេញ ពីលើផ្លូវនៅឡើយទេ ប៉ុន្តែកម្លាំងនគរបាលការពារព្រំដែន និងកម្លាំងយោធាការពារព្រំដែន បានសហការរួមគ្នា ចុះកើបបោសសំអាតថ្ម ល្អិតនិងតូចៗ ដែលធ្លាក់រាយប៉ាយ លើកំណាត់ផ្លូវនោះហើយ និងប្រជាពលរដ្ឋ អាចធ្វើដំណើរទៅមកបាន។
ជាមួយគ្នានោះដែរ អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋ និងអ្នកធ្វើដំណើរទៅមក ដែលមានបំណងឡើង ទៅកាន់ច្រកអានសេះនោះ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឲ្យបានជានិច្ច ក្រែងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ពីគ្រោះធម្មជាតិនេះ៕