(ស្វាយរៀង)៖ អ្នកដំណើរជាតិ និងអន្តរជាតិ ជាពិសេសពលរដ្ឋខ្មែរ ដែលត្រូវទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅ”ក្រុងហូជីមិញ”ប្រទេសវៀតណាម បានរអ៊ូរទាំពីការធ្វើដំណើរ ទៅមក ដោយឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត គឺចំណាយប្រាក់អស់ច្រើន រាប់រយ(ដុល្លារ)ក្នុងម្នាក់ៗ ពីលើតម្លៃប្រាក់ឈ្នួលរថយន្ត សម្រាប់អ្នកអត់មានលិខិតឆ្លងដែន(ប៉ាស្ព័រ) មិនតែប៉ុណ្ណោះ សូម្បីអ្នកមានលិខិតឆ្លងដែន(ប៉ាស្ព័រ) ក៍ត្រូវចំណាយលើសេវា បោះត្រា ពេលចេញទៅ២០$ មកវិញ២០$ ពីលើតម្លៃប្រាក់ឈ្នួល រថយន្តជាក់ស្ដែងទៀតផង។
ជាក់ស្ដែង អ្នកបើករថយន្តស៊ីរ៉ែនពេទ្យ បានអះអាងថាៈ ជារៀងរាល់លើក ខ្លួនដឹកភ្ញៀវ ពីកម្ពុជាទៅ ក្រុងហូជីមិញ ប្រទេសវៀតណាមគឺយកប្រាក់ឈ្នួលថ្លៃឡាន ក្នុងម្នាក់ៗ ១០០$ ក្នុងនោះអ្នកអត់លិខិតឆ្លងដែន(ប៉ាស្ព័រ) ។
ត្រូវបង់ចំនួន១០០$ បន្ថែមទៀត ពីលើតម្លៃឈ្នួលរថយន្ត សម្រាប់យកមករត់ការ បង់ជូននគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមការគ្រប់គ្រងរបស់លោក ខាត់ សារ័ត្ន អញ្ចឹងសរុបទាំងទៅវៀតណាម និងត្រឡប់មកខ្មែរវិញ ក្នុងម្នាក់ៗអស់៤០០$។
ទន្ទឹមនិងនោះ អ្នកបើករថយន្តតាក់ស៊ី កម្ពុជា ដោយសាងបន្តគ្នា ជាមួយរថយន្តតាក់ស៊ីវៀតណាម បានលើកឡើងថាៈ ជារៀងរាល់លើកពួកខ្លួនដឹកភ្ញៀវពីកម្ពុជា ទៅ”ក្រុងហូជីមិញ” គឺបានកំណត់យកថ្លៃពីភ្ញៀវ ក្នុងម្នាក់ៗ ៥០$ សម្រាប់អ្នកមាន(ប៉ាស្ព័រ) ពេលចេញទៅ១ជើង លុះត្រឡប់មកវិញ៥០$ទៀត។
អ្នករត់តាក់ស៊ីបន្តថា ជាក់ស្ដែងថ្លៃឈ្នួល រថយន្តទាំងខាងកម្ពុជា-វៀតណាម អស់ម្នាក់ៗ២៥$ទេ រីឯ២៥$ទៀត សម្រាប់យកទៅ រត់ការបង់លុយឱ្យនគរបាលច្រកទ្វារព្រំដែនបាវិត។
ក្នុងនោះបើអ្នកអត់មាន(ប៉ាស្ព័រ) វិញខ្លួននិង កំណត់យកចំនួន១២៥$ ក្នុងម្នាក់ៗ សម្រាប់មួយជើង លុះពេលត្រឡប់មកវិញ យក១២៥$ទៀត។
អ្នករត់តាក់ស៊ី ការកំណត់យកលុយពីភ្ញៀវច្រើនបែបនេះ គឺមិនមែន ដោយសារតម្លៃឈ្នួលរថយន្ត ខ្ពស់នោះទេ ពោលគឺៈ ខ្លួនត្រូវរត់ការបង់លុយឱ្យនគរបាលព្រំដែន ទាំងខាងកម្ពុជា-និងវៀតណាម ។
ដែលនៅប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត អស់ចំនួន១០០$ក្នុងភ្ញៀវម្នាក់ៗ លុះមកវិញបង់១០០$ទៀតក្នុងម្នាក់ៗទៀត។
ចំណែកបុគ្គលិក”រថយន្តក្រុង”ឯនេះវិញបានបញ្ជាក់ថា ប្រាក់ឈ្នួលសម្រាប់ក្រុមហ៊ុនខ្លួន ដែលដឹកភ្ញៀវពីភ្នំពេញទៅ”ក្រុងហូជីមិញ”គឺក្នុងម្នាក់ៗចំនួន១៥$ទេ ។
ប៉ុន្តែក្រុមហ៊ុនត្រូវលក់ សំបុត្រឱ្យភ្ញៀវរហូតដល់ ៣៥$ក្នុងម្នាក់ ដោយ២០$ សម្រាប់រត់ការបង់ឱ្យនគរបាលច្រកទ្វារព្រំដែនបាវិត។
បុគ្គលិក ដដែលបន្តថា អ្នកអត់(ប៉ាស្ព័រ)ទៅក្រុងហូជីមិញ អស់៧៥$ មកវិញអស់៧៥$ទៀត ខណៈតម្លៃឈ្នួលរថយន្តត្រឹមតែមួយជើង១៥$ប៉ុណ្ណោះ។
ជាក់ស្ដែង ក្នុងមួយថ្ងៃៗមានអ្នកដំណើររាប់ពាន់នាក់ ដែលត្រូវធ្វើដំណើរចេញចូលឆ្លងដែន ទៅមកប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ។
ជាហេតុនាំឱ្យលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ អាចប្រព្រឹត្តអំពើពុករលួយ គាបយកលុយ ពីការធ្វើដំណើរ បានរាប់ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ដើម្បីបែងចែកបក្ខពួកខ្លួន។
រាល់ការចោទប្រកាន់ទាំងនេះ នៅថ្ងៃទី០៣.០៧.២០២២«ពេញចិត្តមេឌា»មិនអាចសុំការបកស្រាយ ពីលោក ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានទេ..!។
ករណីនេះ«ពេញចិត្តមេឌា» រង់ចាំបកស្រាយបំភ្លឺ ពីសាម៉ីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយលម្អិតនៅលេខក្រោយទៀត!។
ទោះជាយ៉ាងណាក៍ដោយៈ ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេស អ្នកជំងឺដែលត្រូវទៅព្យាបាលនៅ ក្រុងហូជូមិញប្រទេសវៀតណាម សូមស្នើយ៉ាងទទូចដល់ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិចារណាឡើងវិញ ចំពោះសកម្មភាព របស់លោក ខាត់ សារ័ត្ន រួមនិងមន្ត្រីក្រោមឱវាទ ដែលកំពុងប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីការធ្វើដំណើរ បណ្ដាលឲ្យជះឥទ្ធិពលអាក្រក់ ប៉ះពាល់សតិអារម្មណ៍ភ្ញៀវជាខ្លាំង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299