សេដ្ឋកិច្ចរបស់កម្ពុជា នឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២។ នេះ បើយោងតាមការព្យាករ ចុងក្រោយរបស់ធនាគារពិភពលោក។
របាយការណ៍បច្ចុប្បន្នភាព ស្តីពីស្ថានភាពសេដ្ឋកិច្ច នៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយ ដោយធនាគារ ពិភពលោក ក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញទំនិញទៅបរទេស កំពុងបន្តរើបឡើងវិញ ពីការធ្លាក់ចុះ ក្នុងសម័យមានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះ មានសភាពមិនដូចគ្នា នៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណា ដែលបណ្តាលមកពីសង្គ្រាម នៅប្រទេសអ៊ុយក្រែន។
របាយការណ៍នេះ បង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ ប៊ីលានដុល្លារអាមេរិក គឺកើន ២៦ ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ វិស័យប្រពៃណី ដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរ និងស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្ម ផលិតថ្មីៗ ដូចជា ផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមរិក ក៏កំពុងតែស្ទុះឡើងវិញដែរ។
របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា: ថ្វីដ្បិតតែសេដ្ឋកិច្ច មានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញ បែរជាជួបសភាពយឺតយ៉ាវ ដោយសារតែការស្រុតចុះ នូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្ត នៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណា ឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជា ត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេ ពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។
ឱនភាពបញ្ជីសារពើពន្ធ ត្រូវបានរំពឹងទុកថា នឹងកើនដល់ ៦,៣ ភាគរយ នៃ ផ.ស.ស ដោយសារតែរដ្ឋាភិបាល ចាំបាច់ត្រូវបន្តធ្វើការចំណាយ ទៅលើកម្មវិធីនានា ដើម្បីជួយដល់ជនក្រីក្រ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា: “យុទ្ធសាស្ត្រ“ រស់នៅជាមួយកូវីដ-១៩” បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ច មានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។” លោកស្រី បានពោលបន្ថែមទៀតថា: “ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារ លើពិភពលោក ដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់ នៃការលំបាកថែមទៀត ទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឲ្យការកាត់បន្ថយភាពក្រីក្រ ថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ ក្នុងការជួយគ្រួសារក្រីក្រ ក្នុងការឆ្លងកាត់ការលំបាក ក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត។”
នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ច ត្រូវបានរំពឹងថានឹងមានកំណើនជាមធ្យម ៦ ភាគរយ ក្នុងមួយឆ្នាំ ដោយសារអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ផង។
របាយការណ៍នេះ ផ្តល់អនុសាសន៍គោលនយោបាយមួយចំនួន ដែលអាចជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ច ឲ្យងើបឡើងវិញ។ អនុសាសន៍ រួមមាន ភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩, បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញ ជាពិសេសទំនិញកសិផល តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយថ្លៃដើម ក្នុងការធ្វើអាជីវកម្ម, និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយ នៅលើទីផ្សារ។
ក្នុងរបាយការណ៍នេះ ក៏មានការវិភាគជាពិសេស លើភាពរអាក់រអួល នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ក្រោយសម័យកូវីដ-១៩។ ផ្នែកពិសេសនេះ បានស្នើឡើងនូវយុទ្ធសាស្ត្រមួយចំនួន សម្រាប់កាត់បន្ថយថ្លៃចំណាយទៅលើឡូជីស្ទិក (Logistics)។ វាក៏បានសង្កត់ធ្ងន់ដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្កើន សមត្ថភាពប្រកួតប្រជែង ផ្នែកពាណិជ្ជកម្មរបស់ខ្លួន និងពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ចាំបាច់ត្រូវធ្វើតាមបែបអភិក្រម ជាលក្ខណៈប្រព័ន្ធមួយ ដែលមានវិសាលភាពទៅហួសពីតម្រូវការ ឲ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅទៀត។ ចាំបាច់ត្រូវមានកិច្ចខិតខំបន្តទៀត ក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល តាមរយៈការតាមដានមើល ប្រសិទ្ធភាពរបស់ច្រកទ្វារ និងផ្លូវធ្វើពាណិជ្ជកម្មសំខាន់ៗ, ពង្រីក “កម្មវិធីពាណិជ្ជករឆ្នើម” (“Best Trader scheme”) ឲ្យបានទូលំទូលាយ ទៅក្នុងផ្នែក ឡូហ្ស៊ីស្ទិក, រៀបចំផែនការធុរកិច្ច រយៈពេលវែងមួយ សម្រាប់គមនាគមន៍ផ្លូវដែក, និងការបង្កើតកម្មវិធី “ឃ្លាំមើលតាមផ្លូវ” (“ROADWATCH”) ដែលជាបណ្តាញហត់ឡាញមួយសម្រាប់ពាណិជ្ជករ និងពលរដ្ឋ រាយការណ៍អំពីសកម្ម ភាពមិនប្រក្រតីនានា។ ការធ្វើកំណែទម្រង់ទាំងនេះ ចាំបាច់ត្រូវមានអភិក្រមបែបស្ថាប័ន និងភ្នាក់ងារនាំមុខមួយរបស់ រដ្ឋាភិបាល សម្រាប់ពិនិត្យមើលទូទៅ ពីលើ ការអភិវឌ្ឍ នៃផ្នែកឡូហ្ស៊ីស្ទិក នៅកម្រិតថ្នាក់ជាតិ និង នៅតាមច្រកទ្វារពាណិជ្ជកម្ម។
ចេញផ្សាយពីរដង ក្នុងមួយឆ្នាំ របាយការណ៍នេះ ផ្តល់ ព័ត៌មានបច្ចុប្បន្នភាព ស្តីពីការវិវត្តនៃ ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម៕/V