សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួន ជនត្រូវចោទ ឈ្មោះ ឯម ជុយ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ បច្ចុប្បន្ន ភូមិសូសា ឃុំក្រយា ស្រុកសន្ទុក ពីបទ កាប់ដើមឈើ ក្នុងចំការដាំឈើរបស់រដ្ឋ ក្នុងឃុំក្រយា ស្រុកសន្ទុក ។
បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ២៣៩ របស់លោក សុខ ឧត្ដម ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានឱ្យដឹងថា: ឈ្មោះ ឯម ជុយ ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវបានដាក់ឲ្យនៅក្រោមការពិនិត្យ ពីបទកាប់ដើមឈើ ក្នុងចំការដាំឈើរបស់រដ្ឋ ប្រព្រឹត្តនៅចំណុចស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើអូរបឹងរូង៣ ភូមិសួសាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង ៣០នាទីព្រឹក ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង ឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៩៨ កថាខណ្ឌ ២ ចំណុច៤ នៃច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២។
លោក តិប ញាតា នាយអធិការខាងជើងបឹងទន្លេសាប បានឱ្យដឹងថា ក្រុមទុច្ចរិតទាំងអស់នេះបានធ្វើសកម្មភាពលួចកាប់បំផ្លាញ កាលពីថ្ងៃទី ៤-៥ ខែមិថុនា ពេលសមត្ថកិច្ចជំនាញមកដល់ បានរត់គេចតែម្តង រហូតដល់ថ្ងៃទី ២៥ – ២៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមទុច្ចរិត បានធ្វើសកម្មភាពទ្រង់ទ្រាយធំ ហើយកម្លាំងជំនាញយើង ចូលទៅឃាត់ ក្រុមទុច្ចរិតទាំងអស់នោះបានគម្រាមសមត្ថកិច្ច ដោយពួកគាត់ មានកាំបិត កាំភ្លើងខ្យល់ជាដើម ហើយមួយក្រុមនោះ មានគ្នីគ្នាប្រហែលជា ២០ នាក់ឯណោះ ។
លោកបានបន្តថា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ កម្លាំងជំនាញយើង បានសហការជាមួយ កម្លាំងនគបាលស្រុកសន្ទុក កម្លាំងអាវុធហត្ថស្រុក កម្លាំងយោធាស្រុក បានដឹកនាំដោយលោក ឡង់ គីសឹង អភិបាលស្រុកសន្ទុក ។
ក្នុងឱកាសនោះ លោក ឡង់ គីសឹង បានឱ្យដឹងថា: សោកស្តាយណាស់ ឈើធ្នង់ ឈើគ្រញូង នៅស្ថានីយ៍ស្តារព្រៃឈើឡើងវិញ ដែលបានដាំ តាំងពីឆ្នាំ២០១៥ ត្រូវបានមនុស្សមួយក្រុម ចូលកាប់រាន ទាំងងងឹតងងុលដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ។
សូមបញ្ជាក់ថា ចំពោះបុគ្គលឈ្មោះ សោម សុវណ្ណរិទ្ធ ជាមេខ្លោង បានយកឈ្មោះថ្នាក់ដឹកនាំកំពូល និងអួតមានតួនាទីជាជំនួយការថ្នាក់ដឹកនាំកំពូលនោះ និងបក្ខពួកមួយចំនួនទៀត កម្លាំងសមត្ថកិច្ចជំនាញ បានកំពុងស្រាវជ្រាវ និងតាមប្រមាញ់ ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ ៕