ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាជាលើកទី២ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចលើកទី២របស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា គឺធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ដែរថា មុនដំណើរទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន ក៏បានផ្ញើលិខិតជូនដល់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃមីយ៉ាន់ម៉ា ស្នើឲ្យសម្របសម្រួលបញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី មេអតីតដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានផ្ទេរទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឲ្យទៅឃុំខ្លួននៅគេហដ្ឋានដែលជាទីកន្លែងឃុំខ្លូនលោកស្រីពីមុនវិញ។ ឯកឧត្តមបានផ្ញើសំណើនេះ ដោយសារព្រួយបារម្ភពីសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី៕