ខេត្តតាកែវ៖ ទូទាំងស្រុកគិរីវង់ ខេត្តតាកែវ មានម្ចាស់រណ្តៅដី យក្ស ជាច្រើនរូប ដោយមានរណ្តៅដី រណ្តៅខ្សាច់ ជាច្រើនកន្លែង កំពុងតែប្រើប្រាស់អាជ្ញាប័ណ្ណអាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមចំណែកដ៏សកម្ម ក្នុងការបំផ្លិចបំផ្លាញ សម្បតិ្តធនធានធម្មជាតិ ដោយគ្មានការរំខានដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានបន្តិចសោះឡើយ។
យោងប្រភពពីពលរដ្ឋបានឱ្យដឹងថា សព្វថ្ងៃនេះមានឈ្មួញរកស៊ីជីកកាយយកអាចម៍ដីលក់ជាច្រើន ស្ថិតនៅក្នុងមូលដ្ឋានស្រុកគិរីវង់ មានឃុំព្រះបាទជាន់ជុំ ឃុំគិរីចុងកោះ ឃុំសោម និងឃុំផ្សេងទៀត ទូទាំងក្នុងស្រុកគិរីវង់ តាមក្រវាត់ចង្កេះភ្នំ ដោយម្ចាស់អាជីវកម្ម ទាំងអស់នោះ បានប្រើប្រាស់ច្បាប់អនុញ្ញាតពីលោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ ដើម្បីយកមកជីកគាស់ កាយរំលើង ព្រៃភ្នំ ដើម្បីបូមយកខ្សាច់ យកថ្ម យកអាចម៍ដីទៅលក់ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកនិយមមួយចំនួន ដោយគ្មានខ្វល់ពីផលប៉ះពាល់ ដល់សម្បត្តិធនធានធម្មជាតិ។
ករណីនេះពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាក់ស្រុត ការបាត់បង់ធនធានធម្មជាតិ ដូចជាព្រៃឈើ ភ្នំ ធនធានរ៉ែ និងជីវៈចម្រុះជាច្រើនផ្សេងៗទៀត។
ជុំវិញករណីខាងលើនេះ អភិបាលស្រុកគិរីវង់ លោក ស៊ុត ខុន បានប្រាប់សារព័ត៌មានយើង តាមរយៈទូរស័ព្ទ ថាមូលហេតុ ដែលលោកចេញច្បាប់អនុញ្ញាតឲ្យជីកកាយ ដោយសារតែម្ចាស់អាជីវកម្មទាំងនោះមានដីជាប្លង់រឹង (ដីតាមចង្កេះភ្នំ) ហើយការជីកគាស់កាយជាសិទ្ធិរបស់ម្ចាស់អាជីវកម្មទាំងនោះ គាត់មិនដឹងទេ។
តាមការលើកឡើងរបស់លោក ស៊ុត ខុន អភិបាលស្រុករូបនេះ ហាក់ដូចជា កំពុងតែបណ្តែតបណ្ដោយឲ្យម្ចាស់អាជីវកម្មទាំងអស់នោះ ធ្វើអ្វីៗ តាមតែអំពើចិត្ត ពោលគឺ៖ កាយខ្ទិច កាយខ្ទី យ៉ាងណា យ៉ាងណី ក៏មិនខ្វល់។
ចំណែកឯលោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តតាកែវ ឯណេះវិញខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធទៅនឹងការ ជីកកាយគាស់ ដីភ្នំ រូងយកខ្សាច់ យកថ្ម (ពោលគឺ) ទូរស័ព្ទខលចូល ប្រាប់ថាសារព័ត៌មាន ស្រាប់តែលោក ផេង វុធ រូបនេះ បិទទូរស័ព្ទខលលែងលើក នេះហាក់ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន។
ពលរដ្ឋជានិងមហាជនជាច្រើនស្នើដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ សូមលោកចាត់មន្ត្រីជំនាញចុះពិនិត្យមើលករណីខាងលើនេះផងទាន ជៀសវាងមានការរិះគន់ពីសំណាក់មហាជនថា ឈ្មួញ និងមន្ត្រី ឃុបខិតគ្នា ជាប្រព័ន្ធ បង្កើតអំពើពុករលួយយកលុយដាក់ហោប៉ៅ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299