សង្គម

អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ាថា លោកស្រី ស៊ូជី ត្រូវផ្លាស់​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារវិញ

អ្នកនាំពាក្យរបបយោធាបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ មិថុនាថា មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ប្ដូរពីការឃុំខ្លួនក្នុងផ្ទះទៅជាការឃុំឃាំងតែម្នាក់ឯង នៅក្នុងបរិវេណពន្ធនាគារក្នុងរដ្ឋធានីណៃពីដោ (Naypyidaw)។

ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន លោកស្រី អ៊ុងសាន ស៊ូជី បានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅទីតាំងដែលមិនត្រូវបានបង្ហាញក្នុងទីក្រុងណៃពីដោ អមដោយបុគ្គលិកក្នុងស្រុកជាច្រើននាក់ និងឆ្កែរបស់លោកស្រី នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ។

ម្ចាស់ជ័យលាភីណូបែលអាយុ ៧៧ឆ្នាំរូបនេះ ត្រូវបានអនុញ្ញាតឱ្យបានចាកចេញពីបរិវេណនោះ ដើម្បីចូលរួមសវនាការសម្រាប់ការកាត់ក្ដី នៅក្នុងតុលាការរបបយោធាតែប៉ុណ្ណោះ។ ក្នុងសវនាការនោះទៀតសោធ របបយោធាបានកាត់ទោសឱ្យលោកស្រីជាប់ពន្ធនាគារលើសពី ១៥០ឆ្នាំ។

លោកស្រីត្រូវបានកាត់ទោសរួចហើយពីបទពុករលួយ ញុះញង់ប្រឆាំងនឹងយោធា បំពានច្បាប់កូវីដ-១៩ និងបំពានច្បាប់ទូរគមនាគមន៍ ដោយតុលាការបានកាត់ទោសលោកស្រីជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ។ យ៉ាងណាមិញ លោកស្រី អ៊ុងសាន ស៊ូជី បដិសេធការចោទប្រកាន់ទាំងអស់នោះ។

មេដឹកនាំរបបកុម្មុយនីស្ដ លោក មីន​ អ៊ុងឡាំង (Min Aung Hlaing) បានអនុញ្ញាតឱ្យលោកស្រី អ៊ុងសាន ស៊ូជី បន្តការឃុំខ្លួនក្នុងផ្ទះបើទោះបីជាលោកស្រីត្រូវបានកាត់ទោសក៏ដោយ ប៉ុន្តែកាលពីថ្ងៃពុធ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានបញ្ជាឱ្យដំណើរការនីតិវិធីផ្លូវច្បាប់ទាំងអស់ប្រឆាំងនឹងលោកស្រី ផ្លាស់ប្ដូរពីបន្ទប់សវនាការទៅកាន់ពន្ធនាគារ។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។

ដំណើរការកាត់ក្ដីរបស់លោកស្រី អ៊ុងសាន ស៊ូជី ធ្វើឡើងដោយសម្ងាត់ ជាមួយនឹងព័ត៌មានតិចតួចប៉ុណ្ណោះដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

បណ្តាប្រទេសលោកខាងលិចបានហៅការកាត់ទោសនេះថាជាការបោកប្រាស់ និងទាមទារឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ ​ដោយឡែកអ្នកគាំទ្រ និងក្រុមសិទ្ធិមនុស្សរបស់លោកស្រីនិយាយថា ការចោទប្រកាន់មកលើលោកស្រី ផ្អែកលើហេតុផលនយោបាយ និងជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី និងធ្វើឱ្យមានភាពស្របច្បាប់នៃការដណ្តើមអំណាចរបស់យោធា ខណៈដែលរារាំងលោកស្រីមិនឱ្យវិលចូលឆាកនយោបាយវិញ។

សមាជិកជាន់ខ្ពស់ជាច្រើននាក់នៃរដ្ឋាភិបាល និងគណបក្សរបស់លោកស្រីក៏ត្រូវបានចាប់ខ្លួន និងកាត់ទោសផងដែរ ហើយមួយចំនួនទៀតគឺជាសហមេធាវីការពារក្ដីនៅក្នុងករណីខ្លះរបស់លោកស្រី។

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាអង្គការឯកជនតាមដានការសម្លាប់ និងការចាប់ខ្លួនរបស់រដ្ឋាភិបាល មនុស្សសរុបចំនួន ១១,១៧៤នាក់ បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំខ្លួន ពីបទសង្ស័យថាជាក្រុមប្រឆាំងទៅនឹងក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាច៕