សង្គម

រថយន្តព្រូស បើកបុករង្វង់មូលដាច់ជាពីរកំណាត់ ស្លាប់​ម្នាក់ របួសធ្ងន់ម្នាក់នៅសៀមរាប

រថយន្ត​ប្រភេទ​តូយ៉ាតាព្រូស​មួយ​គ្រឿងបានដាច់ជាពីរកំណាត់ ខណៈ​អ្នក​បើកបរផ្លោងស្លាប់ និង​អ្នក​រួម​ម្នាក់​រងរបួសធ្ងន់ ក្រោយ​រថយន្ត​នោះ​បានបើក​ទៅ​បុក​នឹង​រង្វង់មូល និង​ស្តុប ស្ថិត​នៅ​ចំណុច​ស្តុបព្រះបាទជ័យវរ្ម័ន្ន​ទី៧ ក្នុង​ភូមិ​ថ្នល់ សង្កាត់ស្រង៉ែ ក្រុង​សៀមរាប កាលពីវេលាម៉ោង​ប្រមាណជិត៤ទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២២។

រថយន្ត​ដែល​គ្រោះថ្នាក់នោះ ពាក្យ​ស្លាក​លេខ ភ្នំពេញ 2AZ-8122 បើកបរ​ដោយ​ឈ្មោះ ទី សុធា ភេទ​ប្រុស អាយុ​៣៧ឆ្នាំ រស់​នៅ​ភូមិ​បឹង សង្កាត់ជ្រាវ ក្រុង​សៀមរាប ចំណែកអ្នក​រួមដំណើរ​ជាមនុស្ស​ស្រី​ មិន​ទាន់ស្គាល់អត្តសញ្ញាណ​នោះទេ។

តាមរបាយការណ៍​របស់សមត្ថកិច្ច​បញ្ជាក់ថា រថយន្តគ្រោះថ្នាក់នេះ​បានធ្វើដំណើរ​នៅ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ហើយក៏​បានទៅ​បុក​រង្វង់មូល និងបង្គោលស្តុប បណ្តាល​ឲ្យ​រថយន្តដាច់ជា​ពីរ​កំណាត់ ហើយ​អ្នក​បើកបរ​បាន​ផ្លោងចេញពី​រថយន្ត​ចូល​ក្នុង​របងដីឡូត៌​ចំងាយ​២០ម៉ែត្រស្លាប់​ភ្លាមៗ ខណៈ​អ្នក​រួមដំណើរ​ត្រូវ​បានជួយ​សង្រ្គោះ ដោយ​ដឹក​យកទៅ​កាន់មន្ទីរពេទ្យស៊ីងរិទ្ធីរ៉េត។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុនគរបាលចរាចរ បានចុះមកធ្វើការវាស់វែង ប្រគល់សាកសពឲសាច់ញាតិចំណែកវត្ថុតាង(រថយន្ត)នាំរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការខេត្តសៀមរាប៕