ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានត្រៀមកញ្ចប់ទឹកប្រាក់៥០លានផោន ដើម្បីប្រជែងយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang។
កីឡាករ Aubameyang ត្រូវបានភ្ជាប់ជាមួយនឹងការការចាកចេញ ពីក្រុមលោក Mikel Arteta ខណៈក្លឹប Arsenal របស់ពួកគេ បានធ្លាក់ចេញពី Europa League និងឈរនៅលេខរៀងទី៩ក្នុងតារាងចំណាត់ Premier League នាពេលបច្ចុប្បន្ន។
តាមពិតទៅកុងត្រារបស់ Aubameyang ជាមួយ Arsenal បញ្ចប់នៅឆ្នាំ២០២១ឯណោះទេ ប៉ុន្តែប្រធានក្លឹបយល់ថា កីឡាកររូបនេះ បែបនឹងមិនបន្តកុងត្រារបស់ខ្លួនទៀតទេ ដែលជាឱកាសល្អសម្រាប់លោក Ole Gunnar Solskjaer ប្រជែងយកទៅ Manchester United។
ក្រុមកាំភ្លើងធំ បានទិញខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងមកពី Borussia Dortmund ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លឹប គឺ ៥៦ លានផោន កាលពីខែមករា ឆ្នាំ២០១៨។
ក្រៅពីក្រុមបិសាចក្រហម ក្លឹបអ្នកមានបុណ្យ Barcelona និង Paris Saint-Germain ក៏ត្រូវបានគេគិតថា ចាប់អារម្មណ៍ចង់ចុះកុងត្រា នាំយកកីឡាកររូបនេះដែរ។
ងាកមក Manchester United ជាថ្មី កាលពីខែមករា ក្លឹបបានខ្ចីជើងកីឡាករ Odion Ighalo មកពីក្លឹប Shanghai Greenland Shenhua ប្រទេសចិន បន្ទាប់បរាជ័យនាំយកកីឡាករ Josh King របស់ Bournemouth។ Ighalo ពិតជាធ្វើបានល្អនៅ Old Trafford ប៉ុន្តែមិនច្បាស់ថា រូបគេអាចនៅបានយូរប៉ុណ្ណាឡើយ។ ក្លឹបមិនទាន់រកឃើញនរណាម្នាក់ ដែលអាចជំនួសតំណែង Romelu Lukaku បានទេ ខណៈ Marcus Rashford និង Anthony Martial កំពុងមានរបួសក្នុងរដូវកាលនេះ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ Aubameyang រកបាន២០គ្រាប់ គ្រប់ការប្រកួត ក្រោយបង្ហាញខ្លួន ៣១លើកឱ្យក្រុមកាំភ្លើងធំ ក្នុងរដូវកាល ២០១៩-២០២០។
មានកីឡាករជាច្រើនរបស់ Arsenal ដែលនឹងផុតកុងត្រាឆ្នាំ២០២១ ដែលពួកគេទាំងនោះរួមមាន Mesut Ozil, Bukayo Saka, Shkodran Mustafi និង Reiss Nelson៕
អត្ថបទ៖ អ៊ុំ សុភក្តិ