សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹបអូសបានដោយការិយាល័យរដ្ឋអាជ្ញា នៃសង្កាត់ម៉ានហាថាន ក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យអរិយធម៌ដ៏រុងរឿង នៃប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយនាសម័យសង្រ្គាម និងអសន្តិសុខកន្លងមក។
ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងវប្បធម៌ លោកជំទាវបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ស្ថាប័នពាក់ព័ន្ធនានារបស់សហរដ្ឋអាមេរិក ជាពិសេសការិយាល័យរដ្ឋអាជ្ញា នៃសង្កាត់ម៉ានហាថាន ក្រុងញូយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងក្រសួងស្ថាប័ននានារបស់កម្ពុជា និងក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានជួយក្នុងការស្រាវជ្រាវ និងបញ្ជូនរតនសម្បត្តិទាំងនេះត្រឡប់មកកម្ពុជាវិញ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជាអ្នកកាន់កាប់សមច្ច័យឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការ និងប្រគល់សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ ត្រឡប់មកប្រទេសកំណើតវិញ៕