សង្គម

លោកជំទាវ ឱ វណ្ណឌីន ៖ ដោយ​សារ​បំប្លែងថ្មី​របស់អូមីក្រុង ទើបអង្គការ​សុខភាពពិភពលោក ណែនាំ​ឲ្យ​ចាសក់ដូស​​ជំរុញ​ចាប់ពី៣ខែឡើងទៅ

ឆ្លើយតប​ទៅ​នឹង​ចម្ងល់ដែរថា ការ​ចាក់ដូសជំរុញ​ពីដូសទី៤ ទៅ​ដូសទី៥ មានគន្លាត​ត្រឹម​តែ​៣ខែ ខណៈ​កាលពីមុន​គម្លាត​នៃការចាក់ដូស​ជំរុញ​មាន​រយៈ​ពេល​៤ខែនោះ លោកជំទាវ ឱ វណ្ណឌីន មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ការផ្លាស់ប្តូរនេះ គឺដោយ​សារ​តែការវិវឌ្ឍន៍​នៃមេរោគ​កូវីដ១៩ ដែលវាបានបំប្លែង​ខ្លួនជា​បន្ត​បន្ទាប់ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់យើងធ្លាក់ចុះលឿន។

លោកជំទាវបានលើក​ឡើងថា មានការរកឃើញវីរុសបំប្លែងថ្មីអូមីក្រុង បានបង្កើតកូនចៅ៦ឬ៧ជំនាន់រួចទៅហើយ។ ពពួកបំប្លែងថ្មីទាំងនេះ មិនត្រឹមតែចម្លងលឿនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យប្រព័ន្ធភាពស៊ាំធ្លាក់ចុះលឿនផងដែរ។ ដូច្នេះហើយទើបមានការណែនាំពីអង្គការសុខភាពពិភពលោក ឱ្យចាក់ដូសជំរុញទី៥ ចាប់ពី៣ខែឡើងទៅ។

យ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន ក៏បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភចំពោះគម្លាត៣ខែនៃការចាក់វ៉ាក់សាំងដូសទី៥នេះ។

ជាមួយ​គ្នានេះ លោកជំទាវ ឱ វណ្ណឌីន ក៏​បានជំរុញឲ្យ​បងប្អូនប្រជាពលរដ្ឋ បន្តទៅចាក់វ៉ាក់សាំង ដោយអះអាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ គឺដើម្បីបន្តទប់ទល់ការវាយលុកពីកូវីដ-១៩៕