សង្គម

អភិបាលរងខេត្តបន្ទាយមានជ័យ​ម្នាក់ ត្រូវ​អាវុធហត្ថចាប់ខ្លួន ដោយ​មិន​ទាន់មានការ​បញ្ជាក់មូលហេតុ

មានសេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យថា អភិបាលរងខេត្តនេះម្នាក់ គឺឯកឧត្តម គឹង វណ្ណៈ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនមកកាន់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈការចាប់ខ្លួននោះគេ​មិនបានទម្លាយមូលហេតុនៅឡើយទេ។

លោក សេក សុខុម អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ពិតជាមានករណីចាប់ខ្លួនអភិបាលរងខេត្តម្នាក់មែន ប៉ុន្តែករណីនេះលោកមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីស្ថាប័នសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធនោះឡើយ ក្រៅតែពីមានព័ត៌មានល្ហិចល្ហៀងថា ការចាប់ខ្លួននោះអាចជាករណីចេញសែកគ្មានលុយ។

«បើតាមខ្ញុំដឹងមិនផ្លូវការ ពីការជជែកគ្នារបស់មន្ត្រីសាលាខេត្ត គឺរឿងនេះ ប្រហែលជាការចេញសែកគ្មានប្រាក់ បើពាក់ព័ន្ធរឿងអ្វីផ្សេង ដូចជាគ្មានទេ ព្រោះឯកឧត្តមអភិបាលរងខេត្ត រូបនោះ គាត់ទើបនឹងមកបំពេញភារកិច្ចជាអភិបាលរងខេត្តនៅបន្ទាយមានជ័យនេះ បានរយៈពេល២ទៅ៣ឆ្នាំនេះទេ ដូចជាមិនមានរឿងអ្វីឡើយ ម្យ៉ាងគាត់ (គឹង វណ្ណៈ) ជាមនុស្សមានភោគទ្រព្យម្នាក់ផងដែរ។ គាត់ជិះរថយន្តសុទ្ធតែរ៉ូរ៉យឯណោះ…!»

ដោយឡែក មានសេចក្តីរាយការណ៍មួយផ្សេងទៀត ដាក់ការសង្ស័យថា ការចាប់ខ្លួនន ឯកឧត្តម គឹង វណ្ណៈ គឺមានជាប់ពាក់ព័ន្ធនឹងរឿងដីព្រៃលិចទឹកនៅតំបន់៣ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទើបមានការចាប់ខ្លួនភ្លាមៗបែបនេះ។ តែលោកសេក សុខុម អះអាងថា ករណីដីព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រខេត្តបន្តាយមានជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយចប់សព្វគ្រប់ហើយ ពោលគឺមិនមានពាក់ព័ន្ធជាមួយឯកឧត្តមអភិបាលរងខេត្តឡើយ បើតាមលោកដឹងមិនផ្លូវការ គឺមានតែរឿងចេញសែកស្អុយប៉ុណ្ណោះ៕