សង្គម

លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ នឹងបញ្ចប់បិទផ្សាយជាសាធារណៈ​នៅថ្ងៃនេះ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប ) បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈជុំវិញលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំ-សង្កាត់នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមិថុនា នេះ។

អ្នកនាំពាក្យរូបនេះ​បញ្ជាក់ថា ការបិទផ្សាយជាសាធារណៈអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយការបិទផ្សាយនេះគ្រប់តាមបណ្តាគណៈកម្មការឃុំ-សង្កាត់ រៀបចំ​ការបោះឆ្នោត។

បើតាមលោក ហង្ស ពុទ្ធា បន្ទាប់ពីការបិទផ្សាយលទ្ធផល​បណ្តោះ​អាសន្ន​នឹង​បញ្ចប់​នៅ​ថ្ងៃនេះ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២៦ មិថុនាខាងមុខ ខណៈ​ការ​ប្រកាស​លទ្ធផល​​ផ្លូវការអាចនឹងចាប់ផ្តើមមុនថ្ងៃទី២៦ ក្នុងករណីមិនមានបណ្តឹងតវ៉ា៕