កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបានឈ្មួញនាំជ្រូកចូល ដោយគ្មានច្បាប់ ពីប្រទេសវៀតណាម បើកឡានដេញបុក ប៉ុន្តែពុំមានគ្រោះថ្នាក់អ្វីដល់ មន្ត្រីសមត្ថកិច្ចឡើយ គ្រាន់តែកំពិតគូថរថយន្តប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវលំ ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក ស្រុកពញាក្រែក ខេត្តត្បូងឃុំ។
សូមបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃ មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong istana) ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ ដឹកសត្វជ្រូករស់ ចំនួន ៣២ ក្បាល ដោយគ្មានលិខិតអនុញ្ញាតចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយ នៅក្រុងសួង ។
នៅពេលដែលសមត្ថកិច្ច ឃាត់នោះ អ្នកបើករថយន្ត នាំសត្វចូល ដោយគ្មានច្បាប់ មិនត្រឹមតែមិនព្រមឈប់ តាមការឃាត់របស់ សមត្ថកិច្ចទេ ថែមទាំងបើកឡានដេញបុក រថយន្តរបស់សមត្ថកិច្ចទៀត ផង។
លោក ហ៊ុន សារ៉ាត់ អគ្គនាយករង នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ជាប្រធានក្រុមការងារបង្ក្រាប បទល្មើសចលនាសត្វ បានឱ្យដឹងថា ក្រុមការងារ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាក ទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ថាតើជ្រូកទាំងនោះ មានផ្ទុកជំងឺដែរ ឬ អត់ ហើយនឹងដោះស្រាយ ទៅតាមច្បាប់ ដែលនឹងត្រូវពិន័យ ហើយអាចឈានដល់ ដុតកម្ទេចចោល ។
ចំណែកអ្នកនាំជ្រូកចូល ដោយគ្មានច្បាប់ខាងលើនេះ ចំនួន ៤ នាក់ ត្រូវបានសមត្ថកិច្ច ព័ទ្ធចាប់បាន ហើយឃុំខ្លួនបណ្តោះអាសន្ន និងចាត់ការ ទៅតាមច្បាប់ជាធរមាន ៕