សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងសារពិសេសស្តីពី «បឹងទន្លេសាប» នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ ក្នុងការថ្លែងសារពិសេស សម្តេច ហ៊ុន សែន បានណែនាំឲ្យមានការត្រួតពិនិត្យតំបន់ព្រៃលិចទឹក ជូនទៅប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារដើម្បីឲ្យពួកគេអាចបង្កបង្កើនផល។
សម្តេច ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរនៅតាមតំបន់បឹងទន្លេសាបកាត់ឆ្វៀលដីតំបន់៣ ទៅជាតំបន់២ សម្រាប់ឲ្យពលរដ្ឋរស់នៅជាអចិន្ត្រៃយ៍ និងកាត់ឆ្វៀលតំបន់២ ទៅជាតំបន់១ ដើម្បីប្រគល់កម្មសិទ្ធិឲ្យទៅប្រជាពលរដ្ឋអាស្រ័យផល ខណៈដែលរដូវធ្វើស្រែឡើងទឹកជិតមកដល់។
សម្តេចតេជោបានរៀបរាប់ដូច្នេះថា «រឿងនេះគឺត្រូវចាំបាច់ ហើយចាប់ផ្តើមធ្វើពីឥឡូវទៅ ពីព្រោះប្រជាពលរដ្ឋត្រូវធ្វើការបង្កបង្កើនផល..។ បើគាត់មិនធ្វើ ឬធ្វើ គឺត្រូវកំណត់ឲ្យបានឆាប់ លឿនកាលណា គឺល្អកាលនោះ។ខ្ញុំផ្តល់ការអនុញ្ញាតសម្រាប់ប្រជាជនធ្វើ ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើនៅតំបន់ដីដកហូតនិងកាប់ទន្ទ្រាន់ថ្មីទេ គឺអនុញ្ញាតឲ្យពលរដ្ឋដែលធ្វើ(ស្រែ,ចំការ)យ៉ាងហោចណាស់១០ឆ្នាំឡើងលើ ឬតិចជាងហ្នឹង ក្នុងករណីមិនមែនជាដីព្រៃលិចទឹក គឺជាដីមិនអាចស្តារបាន»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថាដីដែលពលរដ្ឋអាស្រ័យផលកន្លងទៅនេះ គឺជាកម្មវត្ថុដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលកាត់ចេញពីតំបន់៣ ទៅជាតំបន់២ សម្រាប់ឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ស្របច្បាប់ ហើយនឹងកាត់ចេញពីតំបន់២ ទៅជាតំបន់១ សម្រាប់ឲ្យពលរដ្ឋអាស្រ័យផល។
ទាក់ទងនឹងកិច្ចការងារនេះ សម្តេច ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវសហការជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងក្រសួងកសិកម្ម បន្តការពារ និងទប់ស្កាត់ករណីទន្ទ្រានដីព្រៃលិចទឹក ជាពិសេសត្រូវធ្វើកិច្ចការងារផ្ទេរ និងផ្តល់កម្មសិទ្ធិដីព្រៃលិចឲ្យទៅប្រជាពលរដ្ឋដែលអាស្រ័យផល៕