បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេលជាង២ខែរួចមក កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅចំនួន៣ទីតាំងផ្សេងគ្នានៅភ្នំពេញ និងខេត្តកំពង់ស្ពឺ រឹបអូសគ្រឿងញៀនបានជាង២០០គីឡូក្រាមនិងគ្រឿងផ្សំជាង១១តោន ។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិដែលចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអគ្គស្នងការ និងឯកឧត្តមអគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ ពីឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ”ក១០” របស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ឈានដល់ការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់។
ទីតាំងទី១ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទីតាំងទី២ នៅក្នុងចម្ការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទីតាំងទី៣ នៅក្នុងចម្ការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការនេះមន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជនជាតិចិន(តៃវ៉ាន់) រួមមានទី១ឈ្មោះ ទៀង ចាន់ហ្វូ ភេទប្រុស អាយុ២៨ឆ្នាំ(មេការ)ទី២ឈ្មោះ ឃួ ភូវែន ភេទប្រុស អាយុ២៨ឆ្នាំ ទី៣ឈ្មោះ តាំង គូជីង ភេទប្រុស អាយុ៣៩ឆ្នាំ និងទី៤ ឈ្មោះ លីន យីឆេង ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំងបីនាក់ជាអ្នកបច្ចេកទេស។
ចំណែកវត្ថុតាងដែលចាប់យករួមមាន ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ។ សារធាតុញៀនប្រភេទកេតាមីន ទម្ងន់៤១ kg ៥១.៧g -ល្បាយសារធាតុញៀនកេតាមីន ទម្ងន់១៤២៥ kg -ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 0.៩g -សារធាតុគីមីផ្សំ ១១តោននឹង ៥២៥kg ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ មន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕