តាមរយៈសេចក្តីប្រកាសព័ត៌មាននៅល្ងាចថ្ងៃចន្ទនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា សភាពការណ៍ទូទៅ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទីបី បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
បើតាមការបញ្ជាក់របស់ គ.ជ.ប សកម្មភាពឃោសនារបស់គណបក្សនយោបាយក្នុងថ្ងៃទីបីនេះ ភាគច្រើនជាការជួបជុំ ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំសង្កាត់ ការចែកខិត្តប័ណ្ណតាមផ្ទះ និងមានសកម្មភាពហែក្បួនឃោសនាមួួយចំនួនផងដែរ។
សូមបញ្ជាក់ដែរថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នេះ មានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕