មេប៉ុស្តិ៍នគរបាលឃុំលាយបូរ នៃស្រុកត្រាំងកក់ ពេលនេះកំពុងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងការបណ្តោយឱ្យមានទីតាំងល្បែងស៊ីសងរហូតដល់ទៅជិត៣០កន្លែង ដែលផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
បើតាមសេចក្តីរាយការណ៍ ទីតាំងល្បែងទាំងជិត៣០ទីតាំងនោះ គឺជាប្រភេទល្បែងឡូតូអនឡាញ និងជល់មាន់អនឡាញ ដោយគេបានដាក់ពង្រាយនៅតាមហាងកាហ្វេនៅទូទាំងឃុំលាយបូរ ក្រោមការឃុបឃិតរបស់អាជ្ញាធរ និងថៅកែលាក់មុខមួយក្រុម។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និយាយថា ល្បែងឡូតូអនឡាញ និងជល់មាន់ ត្រូវគេដាក់បញ្ចាំងដោយផ្សាយបន្តផ្ទាល់ព្រោងព្រាត តែពួកគាត់ពុំឃើញអាជ្ញាធរមានសមត្ថកិច្ចចុះធ្វើការហាមឃាត់ ឬក៏បង្រ្កាបនោះ ទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនោះទេ ខណៈទីតាំងល្បែងខ្លះទៀត នៅជាប់នឹងរបងប៉ុស្តិ៍ថែមទៀតផង។
ជុំវិញករណីនេះ យើងមិនអាចសុំការបកស្រាយពី លោក ស៊ិន ជី នាយប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ បានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូល ហើយនិយាយពីរឿងនេះ លោកថា ច្រឡំលេខ។
ដោយឡែកលោក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ បានថ្លែងថា លោកខ្វះខាតកម្លាំងក្នុងការចុះបង្រ្កាបបទល្មើសនេះ៕