នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញដំណើរចាកចេញពីប្រទេសកម្ពុជានៅយប់ធ្វើរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២១ ខែឧសភា ដើម្បីទៅប្រទេសទីក្រុងដាវ៉ូស នៃប្រទេសស្វីស ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។
យន្តហោះពិសេសរាជរដ្ឋាភិបាលកម្ពុជាបានជូនដំណើរសម្តេចតេជោនិងប្រតិភូចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោង ប្រមាណ ១និង៣០នាទីព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន រំពឹងថានឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោក ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ។
ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនឹងអញ្ជើញថ្លែងសុន្ទរកថាបើក «រាត្រីកម្ពុជា» (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ក៏នឹងថ្លែងសុន្ទរកថាបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស៕