សង្គម

ជ្រូកវៀតណាម បន្តឆ្លងដែនចូលមកកម្ពុជា តាមច្រកស្វាយអាង៉ោង ខេត្តព្រៃវែង

បើយោង​តាម​សេចក្តីរាយការណ៍ ក្នុងមួយ​ថ្ងៃៗ​សត្វជ្រូករស់យ៉ាងតិច​៥០០ក្បាល ត្រូវបានឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​វៀតណាម មក​កាន់កម្ពុជា តាមរយៈ​ច្រក​របៀបស្វាយអាង៉ោង ស្ថិត​ក្នុងភូមិ​សាស្រ្ត​ស្រុកកំពង់ត្របែក នៃខេត្តព្រៃវែង។

សេចក្តីរាយការណ៍​ដដែល​ថា សត្វជ្រូកទាំងនោះ​ត្រូវ​គេ​ដឹក​តាម​រយៈ​ម៉ូតូឆ្លង​កាត់តាមច្រករបៀង នៃប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង កាតមុខវរៈការពារព្រំដែន យកទៅទម្លាក់នៅផ្ទះ កន្លែងស្តុកជ្រូកដ៏ធំមួយ របស់ឈ្មោះ វឿន ស្ថិតនៅក្នុងភូមិការធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រួចសាងលើរថយន្តសាំយ៉ុងនិងរថយន្តម៉ាក្សហីយិនដាយ កូរ៉េចំណុះ២តោន បិតឃ្លុំជិត រួចបើកឡើងតាមផ្លូវកៅស៊ូឆ្ពោះទៅផ្សារកអណ្តើកនិងឡើងលើផ្លូវជាតិលេខ១ បត់យកឱ្យ​ទៅក្រុមហ៊ុនធំមួយដឹកបន្ត​ទៅរាជធានីភ្នំពេញ។

លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តព្រៃវែង បានថ្លែងថា កន្លងមក​មាន​ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ​នាំជ្រូករស់ពីប្រទេសវៀតណាមចូលមកកម្ពុជា ដោយ​ច្បាប់សុំនាំជ្រូកមេពូជ មកផ្គត់ផ្គង់ដល់កសិករចិញ្ចឹម ក្នុង១ថ្ងៃ៥០ក្បាល ក៏ប៉ុន្តែឈ្មួញបន្លំដឹកជ្រូកសាច់ ចូលមកជាច្រេីនក្បាល ហើយ​មន្ត្រីពេទ្យសត្វក៏​បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបដែរ ដោយមានបទបញ្ជាពីឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្ត ឲ្យមន្រ្តីជំនាញសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ចុះទប់ស្កាត់និងបង្ក្រាប មិនអនុញ្ញាតិឲ្យនាំជ្រូករស់ឬសាច់ជ្រូកពីប្រទេសជិតខាងចូលទៀតទេ ។ ហើយ​បើមានបទល្មើស នៃការនាំជ្រូកឆ្លងដែនដោយខុសច្បាប់ គឺសមត្ថកិច្ច​ពាក់ព័ន្ធនឹង​បង្ក្រាបហើយ។

យ៉ាងណាក៏​ដោយ ប្រជាពលរដ្ឋ​នៅ​តែមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​លួច​នាំចូលសត្វជ្រូករស់ពីប្រទេស​វៀតណាម ក្រោម​ការ​ឃុបឃិតណាមួយ​ពី​អាជ្ញាធរពាក់ព័ន្ធ ហើយ​រំពឹងថា អាជ្ញាធរ​នឹងគិតគូរពី​សុវត្ថិភាពសុខភាព​ប្រជាពលរដ្ឋ ជាជាង​គិត​ពីផលប្រយោជន៍​បុគ្គល៕