សង្គម

ក្រសួងការបរទេស​បញ្ជាក់ពីដំណើររបស់សម្តេចតេជោ ចូលរួម​កិច្ច​ប្រជុំ​ពិសេស​អាស៊ាន-សហរដ្ឋអាមេរិក

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ​២០២២ បានបញ្ជាក់ជាផ្លូវ​ការ ពីដំណើរ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានអាស៊ាន​ ដែលនឹង​ដឹកនាំគណៈប្រតិភូទៅចូលរួម និង​ជា​សហប្រធាន នៃកិច្ច​ប្រជុំ​កំពូលពិសេស​អាស៊ាន-អាមេរិក នៅ​រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ​២០២២។

ក្នុងនោះ មន្រ្តីជាន់ខ្ពស់​កម្ពុជា​ដែលនឹង​អមដំណើរ​សម្តេចតេជោទៅកាន់សហរដ្ឋអាមេរិក រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនផ្សេងទៀត។

នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូល សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយ សមាជិកសភាអាមេរិក មកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ រៀបចំទទួលដោយលោកស្រី ណាន់ស៊ី ភេឡូស៊ី ប្រធានសភាអាមេរិក នៅវិមានរដ្ឋសភាអាមេរិក ហើយនឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាច រៀបចំដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន។ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំធុរកិច្ច សហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ ថ្នាក់ដឹកនាំអាស៊ាន នឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកស្រី អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ដោយមានសម័យប្រជុំពេញអង្គ ជាមួយបណ្តារដ្ឋមន្រ្តីអាមេរិក ស្តីពីបញ្ហាវិធានការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព។

ការពិភាក្សា ផ្លាស់ប្តូរទស្សន:គ្នា អំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូ អាស៊ាន-សហរដ្ឋ អាមេរិក ទៅកាន់កម្រិតមួយទៀត ជាប្រធានបទដ៏សំខាន់ នៃកិច្ចប្រជុំកំពូលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសសមាជិកអាស៊ាន មួយចំនួនទៀត។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​នឹងជួបសំណេះសំណាលជាមួយ បងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ផងដែរ៕