ក្រុមការងាររបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) បានសង្គ្រោះត្រីបបែលយក្សទឹកសាបមួយក្បាល ទម្ងន់ ១៨០ គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន់ នៅក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ត្រីបបែលយក្សញីមួយក្បាលនេះ មានទទឹងដងខ្លួន ១៨៥ សង់ទីម៉ែត្រ និងបណ្តោយដងខ្លួន ២០០សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប (ពីចុងច្រមុះដល់ចុងកន្ទុយ) ៣៩៣ សង់ទីម៉ែត្រ។ បើតាមការឱ្យដឹងពីអ្នកនេសាទឈ្មោះ ផន សុភា ដែលប្រើសន្ទូចផ្លែធំដើម្បីនេសាទត្រីនិយាយថា៖ «ខ្ញុំប្រើផ្លែសន្ទូចផ្លែធំ ដើម្បីនេសាទត្រី។ ប៉ុន្តែចៃដន់ ត្រីបបែលយក្សមួយក្បាលនេះ បានទៅស៊ីត្រីដែលជាប់សន្ទូចរបស់ខ្ញុំ»។
ដោយចង់ចូលរួមក្នុងការងារអភិរក្ស ត្រីបបែលយក្ស ដែលជាប្រភេទរងគ្រោះជិតផុតពូជនៅក្នុងទន្លេមេគង្គ លោក សុភា បានទាក់ទងតាមទូរស័ព្ទ មកក្រុមការងាររបស់គម្រោងអច្ឆរិយភាពនៃមេគង្គភ្លាមៗ បន្ទាប់ពីចាប់បាន។ មិនបង្អង់យូរ ក្រុមការងាររបស់គម្រោង បានចេញដំណើរពីភ្នំពេញនៅម៉ោង ៧យប់ ឆ្ពោះទៅខេត្តស្ទឹងត្រែង និងបានទៅដល់គោលដៅ នៅម៉ោង ៣ទាបភ្លឺ។
បន្ទាប់ពីបានបំពាក់ស្លាកសញ្ញាសម្គាល់ ដើម្បីតាមដានចរាចរផ្លាស់ទីរបស់វា ព្រមទាំងវាស់ប្រវែងដងខ្លួន ថ្លឹងទម្ងន់រួចហើយ ក្រុមការងារក៏បានលែងបបែលយក្សនេះឱ្យចូលទៅក្នុងទន្លេវិញ។
សូមបញ្ជាក់ថា ត្រីបបែលយក្សប្រភេទនេះ នាពេលបច្ចុប្បន្ន ឃើញមានរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្រ្ត (Urogymnus polylepis) និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ បច្ចុប្បន្នត្រីបបែលយក្សប្រភេទនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕