(បន្ទាយមានជ័យ) ៖ បុរសអ្នកមើលក្របីម្នាក់ ត្រូវបានមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះ ដកកាំភ្លើងបាញ់បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់ពីក្របីរបស់ជនរងគ្រោះ បានចូលទៅស៊ីស្មៅក្នុងដីមន្ត្រីរូបនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
តាមរបាយការណ៍ពីនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ជនបង្កឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ចំណែកជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាអ្នកស៊ីឈ្នួលមើលសត្វក្របីឱ្យគេប្រហែល១០០ក្បាល។
នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះឃ្វាលនោះ បានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ពេលនោះជនបង្កជាម្ចាស់ដី បានប្រាប់ឱ្យជនរងគ្រោះដេញក្របីចេញពីក្នុងដីរបស់ខ្លួន កុំឱ្យស៊ីស្មៅ ព្រោះស្មៅនោះទុកឱ្យសត្វពពែរបស់គេស៊ីដែរ។ ពេលនោះ ជនរងគ្រោះក៏បានទៅដេញក្របីឱ្យចេញ រួចក៏អង្គុយលេងជាមួយទាហាននៅក្បែរកន្លែងនោះ។ ក្រោយមកមិនដឹងជាយ៉ាងម៉េចជនបង្ក ក៏បានទាញកាំភ្លើងម៉ាកវាំងឡុង (ជាប្រភេទកាំភ្លើងបាញ់សត្វ) បាញ់ទៅលើជនរងគ្រោះចំនួន ១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេង បណ្តាល ឱ្យរងរបួសធ្ងន់ បន្ទាប់មកជនបង្កក៏រត់គេចខ្លួនបាត់។
ភ្លាមៗ ជនរងគ្រោះត្រូវបានគេជួយសង្គ្រោះ យកទៅព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់។ ចំណែកជនបង្ក កម្លាំងនគរបាលស្រុកអូរជ្រៅ កំពុងតាមប្រម៉ាញ់ចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់៕