សង្គម

អាជីវករខ្មែរលក់ដូរនៅផ្សាររុងគ្លឿនាំគ្នាទៅធ្វើប័ណ្ឌឆ្លងព្រំដែន ក្រោយបើកច្រកប៉ោយប៉ែតឡើងវិញ

ក្រោយ​ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត​បានបើក​ដំណើរ​ការ​ឡើងវិញ​កាលពីថ្ងៃទី១ ខែឧសភា ពេលនេះ​ប្រជាពលរដ្ឋ ពិសេស​ក្រុមអាជីវករ​ដែលលក់ដូរ​នៅផ្សាររុងគ្លឿ បាននាំ​គ្នា​មក​ធ្វើ​ប័ណ្ណព្រំដេន តាមលក្ខខណ្ឌតម្រូវ​ដែល​ព្រមព្រៀង​ដោយ​អាជ្ញាធរ​កម្ពុជា និងថៃ ។

បើតាម​ប្រជាពលរដ្ឋថា ក្រោយ​ពីច្រកព្រំដែន​បានបើក​ឡើងវិញ ការឆ្លង​ព្រំដែន​របស់ពួកគាត់ត្រូវអាជ្ញាធរ​ថៃតម្រូវឲ្យ​មានប័ណ្ណព្រំដែន និង​លិខិតឆ្លងដែន ហើយការស្នាក់​នៅ​ក្នុងប្រទេសថៃ​ត្រូវ​បានកាត់បន្ថយពាក់កណ្តាល ដោយ​រួម​ទាំងតម្រូវ​ឲ្យ​បង់ថ្លៃធានារ៉ាប់រងថែមទៀត។ ពួកគាត់ថា កាលពីមុន ពួកគាត់អាចចេញចូលប្រទេសថៃក្នុងរយៈពេលមួយថ្ងៃដោយប្រើប័ណ្ណព្រំដែន និង​អាចស្នាក់នៅក្នុងប្រទេសថៃរយៈពេល១ខែ ដោយប្រើលិខិតឆ្លងដែន ហើយ​មិនបាច់ចំណាយ​ទៅលើថ្លៃធានារ៉ាប់រង តែពេលនេះគឺខុសគ្នា។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យ​ដឹងថា ដើម្បីសម្រួលដល់ពេលវេលា នៃការស្នើសុំធ្វើបណ្ណព្រំដែន ដែលកាលពីមុនតម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅធ្វើប័ណ្ណ​នោះ​នៅទីរួមខេត្តបន្ទាយមានជ័យ ពេលនេះ អភិបាលខេត្តបានចាត់បញ្ជូនមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ចំនួន ០៣រូប មកប្រចាំការ ដើម្បីសម្របសម្រួលបំពេញនីតិវិធី ទទួលពាក្យស្នើសុំធ្វើបណ្ណព្រំដែនរបស់ប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត ស្ថិតក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត៕