សង្គម

ចុងសប្ដាហ៍ទី៤ខែមេសា កម្ពុជាទទួលបានភ្ញៀវជាង៣១ម៉ឺននាក់

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នាចុងសប្តាហ៍ទី៤ នៃខែមេសា ពោល​គឺពី ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៣១៤,០៨១នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន២៩៦,០៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,០៣៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរ​ទៅ​កម្សាន្តច្រើនជាងគេ​រួមមាន៖

* ខេត្តព្រះសីហនុ ៦០,៧៤១នាក់

* ខេត្តកំពត ៤១,៣៦៤នាក់

* ខេត្តបាត់ដំបង ៣៨,១១២នាក់

* រាជធានីភ្នំពេញ ៣៥,០៦៤នាក់

* ខេត្តកែប ២៦,៩២៦នាក់

* ខេត្តសៀមរាប ២៥,៤១៣នាក់

* ខេត្តពោធិ៍សាត់ ១៧,០៤៤នាក់។

បើតាម​លោករដ្ឋមន្រ្តីថា ចរន្តភ្ញៀវនាចុងសប្តាហ៍កន្លងមក នៅតែមានចំនួនច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ ២០-២៥ម៉ឺននាក់ ខណៈដែលចុងសប្តាហ៍កន្លងមក ភ្ញៀវសរុបមានប្រមាណ៣២ម៉ឺននាក់។

សរុបរយៈពេល២សប្តាហ៍ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ភ្ញៀសរុបមានចំនួនប្រមាណ៦៤ម៉ឺននាក់ ខណៈដែលអំឡុងពេល៣ថ្ងៃចូលឆ្នាំនិង ថ្ងៃអាទិត្យ ភ្ញៀវសរុបមានចំនួនប្រមាណ៥.១៧លាននាក់ទូទាំងប្រទេស។

ខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កែប និងកំពត រួមជាមួយគោលដៅទេសចរណ៍នៅភាគពាយព្យនៃខេត្តសៀមរាប បាត់ដំបង និងពោធិ៍សាត់ គឺជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក៕