សង្គម

ច្រកអន្តរជាតិប៉ោយប៉ែត នឹងបើកសាកល្បង​នៅថ្ងៃទី១ ឧសភា ក្រោយបិទអស់ប្រមាណ២ឆ្នាំ ដោយ​សារ​វិបត្តិកូវីដ

អាជ្ញាធរនៃប្រទេសកម្ពុជា-ថៃបានសម្រេចបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២២ ដែលជាជំហ៊ានសាកល្បងដំបូង។

សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារបានថ្លែងថា នៅថ្ងៃទី០១ ខែឧសភា អាជ្ញាធរនឹងអនុញ្ញាតឱ្យ​មានការឆ្លងកាត់ព្រំដែនឡើងវិញ តែសម្រាប់ពលរដ្ឋដែលរស់នៅខេត្តនៅជាប់ព្រំដែនដែលប្រើប័ណ្ណព្រំដែន (បដឺផាស) ឆ្លងបានត្រឹមតែពីរខេត្តប៉ុណ្ណោះ។

ដោយឡែកអ្នកនៅខេត្តផ្សេងៗ ដែលប្រើលិខិតឆ្លងដែន (ប៉ាស្ព័រ )អាចឆ្លងចូលប្រទេសថៃបានទៅដល់ក្រុងបាកកបានលុះត្រាតែមានតម្កល់ប្រាក់ចំនួន៣០ម៉ឺនបាត ឬមួយម៉ឺនដុល្លារអាមេរិក។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ការបើកព្រំដែននាថ្ងៃទី០១ ឧសភា គឺមិនបានបើកទូលំទូលាយទេ ពោលគឺសម្រាប់បងប្អូនអាជីវករ និងកម្មករ អូសរទេះគឺមិនទាន់អនុញ្ញាតឱ្យ​ធ្វើអាជីវកម្មអូសទំនិញអ្វីឡើយ គឺរង់ចាំមើលសភាពការណ៍ជាក់ស្តែងសិន ព្រោះនេះគឺជាជំហ៊ានដំបូង បន្ទាប់ពីមានការបើកចំហជើងមេឃ៕