(តាកែវ) ៖ ទីតាំងល្បែងអនឡាញបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា បានកើតមានស្ទើរតែគ្រប់ហាងកាហ្វេនៅក្នុងក្រុងដូនកែវ ពិសេសគឺនៅជុំវិញផ្សារធំខេត្តតាកែវ ដោយមានអ្នកលេងហ៊ោរកញ្ចៀវអឺងកង ប៉ុន្តែសម្លេងទាំងនោះមិនបានប៉ះដល់ត្រចៀកអាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។
បើតាមសេចក្តីរាយការណ៍ ល្បែងអនឡាញតាមទូរទស្សដ៏ពេញនិយមទាំងនោះ គេមានលេងដូចជា ល្បែងឡូតូ ខ្លាឃ្លោក និងជល់មាន់ជាដើម ។ ដោយបើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញសមត្ថកិច្ចចុះបង្រ្កាបម្តងម្កាលដែរដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេទុក ដែលបើតាមប្រភពខ្លះថា អាជ្ញាធរ ដែលរួមមានអភិបាលក្រុងដូនកែវ ក៏ដូចជាអធិការក្រុងដូនកែវ គេទុកគ្រាន់ចិញ្ចឹមឆ្នាំងបាយ។
គួរបញ្ជាក់ថា ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាចក់ចេញនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមាន គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្រ្កាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាំងនោះ ពុំបានអនុវត្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។
ជាមួយគ្នានេះដែរ បើយោងតាមច្បាប់ នៃការបង្ក្រាបល្បែងស៊ីសង ជំពូក៣ មាត្រា៤ បានចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល(១០.០០០) ដល់ ប្រាំម៉ឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
ដោយឡែកបើតាម មាត្រា៥ បានកំណត់ផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា៕